ពិធីសែនឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា “Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ, បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលចែកឋានទៅកាន់បរលោកហើយ។ បុណ្យឆេងម៉េង មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិន និងត្រូវបាននាំចូលកាន់ប្រទេសកម្ពុជាតាមរយៈប្រជាជនចិនដែលមករស់នៅក្នុងស្រុកខ្មែរ។
រូបតំណាង
ប្រវត្តិនៃការសែនឆេងម៉េងនេះមានរឿងដំណាលមួយថា កាលពីឆ្នាំ ៦៣៦ នៃព.ស មានព្រះអង្គម្ចាស់ព្រះនាមវេន (Wen) និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ (Jie Zitui) បានរត់គេចពីសង្គ្រាម ក៏វង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនឃ្លាន ជី ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូបអាហារ។ ព្រះអង្គម្ចាស់ វេន សន្យាថានឹងផ្ដល់រង្វាន់ដល់ ជី ប៉ុន្តែ ជី មិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្ដិឡើយ។ អ្វីដែលគាត់ចង់បាន គឺចង់ឲ្យព្រះអង្គម្ចាស់ វិលត្រឡប់ទៅកាន់ដឹកដីជិន (Jin) វិញដើម្បីធ្វើស្ដេចនៅទីនោះ។ ជី បាននាំម្ដាយទៅរស់នៅឯព្រៃភ្នំ។ ពេលដឹងដូច្នេះ ព្រះអង្គ វេន បានបញ្ជាអោយគេដុតព្រៃដែល ជី សំងំលាក់ខ្លួន ក្នុងគោលបំណងឲ្យ ជី បង្ហាញខ្លួន។ តែអកុសល ព្រៃបានឆេះសន្ធោសន្ធៅ រហូត ជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្ដងទៅ។ ព្រះអង្គមានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនោះ ក៏ចេញបញ្ជាហាមមិនឲ្យអ្នកភូមិប្រើប្រាស់ភ្លើង និងបរិភោគតែអាហារត្រជាក់ចំនួនបីថ្ងៃ ដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធ ជី។ តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរគោរពដូនតាក៏ចាប់កំណើតឡើងរហូតមកដល់សព្វថ្ងៃ។ ក្រោយមកទៀត ព្រះអង្គបានសង្កេតឃើញថានៅលើផ្នូររបស់ ជី ហ្សីទួយ (Jie Zitui) មានដើមសូលចាប់ផ្ដើមដុះគ្របពីលើ។ ទ្រង់បានបញ្ជាឲ្យគេសម្អាតដើមសូលចេញ និងបញ្ជាឲ្យប្រជាជនប្រារព្ធពិធីនេះដោយបញ្ចូលគំនិតរំលឹកគុណអ្នកដែលបានចែកឋានទៅកាន់បរលោកហើយ។ ហេតុនេះបានបានជាសង្កេតឃើញប្រជាជនចិន ឬខ្មែរកាត់ត្រឡាយចិនយកស្លឹកដើមសូលដាក់នៅពីលើផ្នូរជាការលំអ។ បន្ថែមពីនេះ គេសែនម្ហូបអាហារ និងស្រាដែលដូនតាចូលចិត្ត ព្រមទាំងដុតប្រាក់កាក់ ជូនដូនតាដើម្បីកុំឲ្យពួកគាត់មានការខ្វះខាតចាយវាយ ហូបចុកនៅក្រោយពេលចែកឋាន។ បច្ចុប្បន្នអ្នកឆ្លៀតឳកាសរកស៊ីបានបន្ថែមការដុតជូនជាទូរសព្ទក្រដាស ផ្ទះក្រដាស និងសម្ភារផ្សេងៗទៀតផង។
រូបតំណាង
រូបតំណាង
ពិធីសែនផ្នូរ ឬ ឆេងម៉េង នេះតាមប្រពៃណីចិន គេធ្វើរយៈពេលមួយប្រាំថ្ងៃ ឬមួយសប្តាហ៍ដោយចាប់ពីថ្ងៃទី ០១ ខែ មេសានេះ។ ទោះយ៉ាងណា មានអ្នកខ្លះធ្វើនៅមុននេះ ហើយជាទូទៅពិធីសែនធំគឺនៅថ្ងៃទី០៤ ឬទី០៥ ខែមេសា ជារៀងរាល់ឆ្នាំ។ ពិធីនេះគេនិយមសែននៅផ្នូរអ្នកមានគុណ ឬជីដូនជីតាដែលចែកឋានទៅកាន់បរលោកហើយ ក្នុងគោលបំណង ៣យ៉ាង គឺ៖
១-បួងសួងសុំសេចក្ដីសុខចម្រើន
២-សុំឲ្យកូនចៅរកស៊ីមានបាន និងចៀសផុតពីជំងឺៀផ្សេងៗ
៣-សុំឡើងបុណ្យស័ក្ដិ
រូបតំណាង
ក្នុងពិធីសែនដំបូង ប្រជាជនចិន ឬខ្មែរកាត់ស្រឡាយចិនតែងតែយកក្រដាសប្រក់ផ្នូរ យកដីរោយពីលើ និងស្រោចទឹក។ បន្ទាប់មកទៀត គេសែនម្ហូបអាហារទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងមានផ្លែឈើ ផ្កាផ្ញីជាដើម។
ជនជាតិចិនមានវប្បធម៌គ្រួសារនិយមណាស់ដូច្នេះត្រកូលរបស់គេមួយៗគឺត្រូវបានលើកតម្កើង ពិសេសផ្នូរបុព្វបុរស ដែលមានសមាជិកគ្រួសារម្នាក់ៗស្លាប់ទៅ គឺត្រូវបានជ្រើសរើសទីតាំងល្អ មានហុងស៊ុយ សម្រាប់បញ្ចុះ ដោយមានជំនឿថា ដូនតារបស់គេនឹងជួយដល់កូនចៅឲ្យរកស៊ីមានបាននៅថ្ងៃអនាគតថែមទៀតផង។
រូបតំណាង
គួរបញ្ជាក់ផងដែរថាដោយសារតែអំឡុងពេលនេះគឺកំពុងតែមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ ១៩ ទើបមានប្រជាជនចិន ឬខ្មែរកាត់ស្រឡាយចិនមួយចំនួនគាត់មិនបានប្រារព្ធពិធីនេះធំដុំ និងសប្បាយក្អាកក្អាយដូចរាល់ឆ្នាំនោះទេ។ ដោយសារតែមិនចង់ឲ្យមានការកើនឡើងនៃអ្នកឆ្លងជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាក៏បានអំពាវនាវទៅកាន់ប្រជាជនខ្មែរដែលកាត់ស្រឡាយចិនទាំងអស់ថា ប្រសិនជាអាចគឺគួរតែរៀបចំនៅផ្ទះនិងឧទ្ទិកុសលពីចម្ងាយដូចជានៅតាមផ្ទះក្នុងថ្ងៃឆេងម៉េងនេះផងដែរ៕
ដោយ៖ Seyha