បាល់ទាត់៖ អតីតប្រធានក្លិប Olympique Marseille លោក Pape Diouf បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំបន្ទាប់ពីឆ្លងជំងឺ Covid-19 នេះបើតាមសេចក្តីប្រកាសរបស់ក្លិបនៅ Ligue 1 ។ បុរសសញ្ជាតិសេណាហ្កាល់រូបនេះ ធ្លាប់ជាប្រធានក្លិបនៅចន្លោះឆ្នាំ២០០៥ និង ២០០៩ នៅពេលដែល Marseille ជាជើងឯករងក្របខណ្ឌបារាំង Ligue 1 ពីរលើក និងឡើងវគ្គផ្ដាច់ព្រ័ត្រ French Cup ពីរលើក មុនពេលដែល Marseille ក៏គ្រងជើងឯក Ligue 1 លើកដំបូងក្នុងរយៈពេល ១៨ឆ្នាំនៅឆ្នាំ២០១០។
Ligue de Football Professionnel (LFP) បាននិយាយថា បុរសដែលធ្លាប់អ្នកកាសែត ជាភ្នាក់ងារ និងជាប្រធានក្លិប Olympique de Marseille លោក Pape Diouf បានលះបង់ពេញមួយជីវិតរបស់គាត់ក្នុងការបម្រើបាល់ទាត់។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង និង Liverpool, Djibril Cisse បានលេងឱ្យក្រុម Marseille នៅពេលដែលលោក Diouf ទទួលបន្ទុកជាប្រធានក្លិប៕
អត្ថបទ៖នាង សុភាវុធ