ភ្នំពេញ៖ ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនយកប្រាក់បៀវត្ស ចំនួន៧ខែ ដើម្បីទុកថវិកានោះ ជូនរដ្ឋ សម្រាប់យកប្រើប្រាស់ដោះស្រាយបញ្ហាជំងឺCOVID-19។ គេសង្កេតឃើញថា រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានយកគំរូតាមជាបន្តបន្ទាប់។
មកដល់ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីដែលយល់ព្រមមិនយកប្រាក់ខែខ្លួន ដើម្បីយកថវិកានោះចូលរួមជាមួយរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានដូចជា៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មិនយកប្រាក់ខែចំនួន ៧ខែ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មិនយកប្រាក់ខែ ៧ខែ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ លោក អ៊ិត សំហេង មិនយកប្រាក់ខែចំនួន ៦ខែ
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន មិនយកប្រាក់ខែ ៦ខែ រដ្ឋមន្ត្រីក្រសួងសុខភិបាល លោក ម៉ម ប៊ុនហេង ៦ខែ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ៦ខែ រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសនីយ និងទូរគមនាគមន៍ លោក ជា វ៉ានដេត ៦ខែ រដ្ឋមន្ត្រីថ្មី នៃក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ៦ខែ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ៦ខែ និងលោក សុខ សុក្រីត្យា ទីប្រឹក្សាសម្តេច ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ មិនយកប្រាក់ខែ ចំនួន៦ខែផងដែរ៕ ដោយ៖ ប៊ុនធឿន