បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកស្ត្រីទ្វីបអឺរ៉ុបឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនៅប្រទេសអង់គ្លេសនោះ បានប្រកាសលើកពេលប្រកួតទៅកាន់រដូវក្តៅឆ្នាំ២០២២វិញ។ ការពន្យារពេលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO ២០២០ និងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ២០២០ ត្រូវបានលើកមកកាន់ឆ្នាំ២០២១ រួចរាល់ដោយសារតែវិបត្តិសកលនៃវីរុស Covid-19 ។ គួរបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អូឡាំពិកនេះដែរ ក្រុមបាល់ទាត់នារី៣ នៅតំបន់អឺរ៉ុបក៏បានឆ្លងផុតវគ្គជម្រុះរួចរាល់ នឹងត្រៀមបង្ហាញខ្លួននាឆ្នាំ២០២១ ផងដែររួមមានអង់គ្លេស , ហូឡង់ និងស៊ុយអែត។ ការផ្លាស់ប្ដូរព្រឹត្តិការណ៍នេះទៅឆ្នាំ២០២២ ក៏បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតជម្រុះព្រឹត្តិការណ៍នេះផងដែរ ខណៈដែលវគ្គជម្រុះកំពុងដំណើរការបន្តផងដែរ។
ទោះបីជាមានការបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងត្រូវលើកពេលយ៉ាងណាក្តី ប៉ុន្តែក្រោយពីបញ្ចប់កិច្ចប្រជុំ UEFA ជាមួយបណ្ដាប្រទេសទាំង៥៥ ជាសមាជិកនៅមិនទាន់បញ្ជាក់ថា នឹងផ្លាស់ទៅជាព្រឹត្តិការណ៍ Women Europhean Championship ២០២២នៅឡើយទេ។ លើសពីនេះទៅទៀតនៅមានកិច្ចប្រជុំជាច្រើនត្រូវបានបន្តពិភាក្សាថា តើព្រឹត្តិការណ៍នេះនឹងអាចចាប់ផ្ដើម បាននូវកាលបរិច្ឆេទណាមួយច្បាស់លាស់ ខណៈអង់គ្លេសក៏នឹងត្រូវរៀបចំព្រឹត្តិការណ៍ Commonwealth Games ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដាដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Birmingham ៕