ហែលទឹក៖ កីឡាករហែលទឹកវ័យ ១៦ឆ្នាំ Sovann Montross ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាហែលទឹកអន្តជាតិ Thanyapura ដែលមានមូលដ្ឋាននៅក្នុងខេត្តភូកេតប្រទេសថៃ ខណៈដែលបច្ចុប្បន្នរូបគេត្រូវបន្តស្នាក់ក្នុងសាលានៅទីនោះ ក្រោយការហ្វឹកហាត់ត្រូវបានផ្អាកដោយសារបញ្ហាកូវីដ១៩។
បើតាមលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា មជ្ឈមណ្ឌល Thanyapura គឺជាមជ្ឈមណ្ឌលសម្រាប់ហ្វឹកហ្វឺនកីឡាហែលទឹកអន្តជាតិ ដែលទទួលស្គាល់ស្តង់ដារពីសហព័ន្ធកីឡាហែលទឹកពិភពលោក ដែលហៅកាត់ថា Fina ។ ហើយកីឡាករ Sovann Montross ទៅហ្វឹកហាត់នៅទីនោះបានរយៈពេលជាង ៣ខែមកហើយ ដោយទទួលបានអាហារូបករណ៍ពីសហព័ន្ធកីឡាហែលទឹកអន្តជាតិ ដោយផ្គត់ផ្គង់ការស្នាក់នៅ និងហូបចុក ហើយសហព័ន្ធខ្មែរកីឡាហែលទឹករ៉ាប់រងរាល់ការធ្វើដំណើរ ខណៈដែលក្រុមគ្រួសារជាអ្នកទទួលបន្ទុកការសិក្សារបស់ Sovann នៅទីនោះ។ លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា កីឡាករ Sovann Montross ជាកូនកាត់ខ្មែរ – អាមេរិក ហើយរូបគេគឺជាកីឡាករយុវជនមួយរូប ក្នុងចំណោមកីឡាករដទៃទៀតដែលជាក្តីសង្ឃឹមរបស់សហព័ន្ធ ក្នុងការអភិវឌ្ឍដុះខាតសមត្ថភាពត្រៀមប្រកួតស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយសហព័ន្ធគ្រោងស្នើសុំទៅសហព័ន្ធហែលទឹកអន្តរជាតិ ឲ្យគេបានហ្វឹកហាត់នៅទីនោះរហូតព្រឹត្តិការណ៍ស៊ីហ្គេមឈានមកដល់។
លោក ហែម គីរី បានបញ្ជាក់ថា មជ្ឈមណ្ឌល Thanyapura គឺជាកន្លែងតែមួយ ដែលអតិតកីឡាករកីឡាការិនីឆ្នើមរបស់កម្ពុជា ធ្លាប់ទៅហ្វឹកហាត់នៅទីនោះកាលពីឆ្នាំ២០១៦ ពោលគឺកីឡាករ ហែមថុន ពន្លឺ និងកីឡាការិនី ហែមថុន វិទិនី ដែរកាលនោះពួកគេទៅហ្វឹកហាត់បានតែ ១ឆ្នាំប៉ុណ្ណោះ តែជាលទ្ធផលពួកគេមានការរីកចំរើនខ្លាំង ទើបបញ្ជូនកីឡាករយុវជនទៅហ្វឹកហាត់នៅទីនោះ។ លើសពីនេះសហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងស្នើសុំបញ្ជូនកីឡាករទៅហ្វឹកហាត់នៅទីនោះបន្ថែមទៀតក្នុងឆ្នាំ២០២១ ខាងមុខ៕