
ងងុយខ្លាំងពេកងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើបណ្តាលឱ្យរងរបួសធ្ងន់ចំនួន ០៧នាក់ កាលពីវេលាម៉ោង ០៩និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តបង្ករម៉ាក Toyota Highlander ពណ៌ស ពាក់ស្លាកលេខ កោះកុង 2B-6363 បើកបរដោយឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិកោះកាពិក ឃុំកោះសារ៉ាយ ស្រុកកោះកុង ខេត្តកោះកុង រួមដំណើរដោយមនុស្សចំនួន ០៦នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកដើមឈើដែលនៅក្បែរផ្លូវដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុយកវត្ថុតាងមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីធ្វើតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ