ការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន សំដៅដល់ ស្ថានភាពនៃការគ្រប់គ្រងរដ្ឋពិសេសមួយ ដែលបង្កើតឡើងដោយរដ្ឋាភិបាល នៅក្នុងករណីមានការរំលោភធ្ងន់ធ្ងរ ចំពោះសណ្តាប់ធ្នាប់សាធារណៈ ឬក្នុងករណីព្រឹត្តិការណ៍ដែលបង្កឡើងដោយធម្មជាតិមានលក្ខណៈជាគ្រោះមហន្តរាយ នាំឱ្យមានការរំខានធ្ងន់ធ្ងរដល់ប្រជាជាតិ។ នេះមានន័យថា ការដាក់ប្រទេសក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
រូបតំណាង
សម្រាប់ប្រទេសកម្ពុជា យោងតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា “នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិ ស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា”។ ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ បើរដ្ឋសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។ នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ (មាត្រា៨៦នៃរដ្ឋធម្មនុញ្ញ)។ ក្នុងករណីនេះ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការមួយចំនួនដែលហាមឃាត់ និងរឹតត្បឹតសិទ្ធិរបស់ប្រជាជន ដោយវិធានការនោះ រដ្ឋត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ (មាត្រា ៥២នៃរដ្ឋធម្មនុញ្ញ)។
រូបតំណាង
នាពេលបច្ចុប្បន្នបណ្តាប្រទេសក្នុងសកលលោកទាំងមូលកំពុងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីការរីករាតត្បាតនៃជំងឺកូវីដ ១៩ ដែលមិនទាន់មានថ្នាំព្យាបាលពិតប្រាកដនិងថ្នាំសម្រាប់ចាក់ការពារ។ ជាមួយនឹងគ្នានេះ ប្រទេសកម្ពុជាយើង ក៏កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺនេះដែរ តាមរយៈការចម្លងមេរោគពីបុគ្គលដែលបានឆ្លងជំងឺ ហើយធ្វើដំណើរពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ក្នុងន័យនេះ រដ្ឋាភិបាលបានចេញនូវវិធានចំពោះមុខដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ មានជាអាទិ៍ការបិតរោងកុន ក្លឹបកម្សាន្ត ការ៉ាអូខេ កាស៊ីណូ រឹតត្បិតការជួបជុំ និងវិធានការរឹតបន្តឹងការធ្វើដំណើរ ជាដើម។ ជាក់ស្តែងថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ហើយសេចក្តីព្រាងច្បាប់នេះផងដែរ ត្រូវបានដាក់ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយហេតុថា ជំងឺកូវីដ ១៩ បាននិងកំពុងប៉ះពាល់ដល់សុខភាពសាធារណៈ និងសន្តិសុខជាតិធ្ងន់ធ្ងរ។
រូបតំណាង
គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ក្នុងក្របខណ្ឌអាស៊ាន មានប្រទេសជាសមាជិកចំនួន០២ ដែលបានដាក់ប្រទេសក្នុងភាពអាសន្ន គឺ (១)ប្រទេសឥណ្ឌូណេស៊ី មានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា និង(២)ប្រទេសថៃមានសុពលរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
រូបតំណាង
អត្ថបទដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
នីតិកោសល
Toupie.org