អឹរ៉ុប៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងពិភាក្សាពីជោគវាសនា នៃការប្រកួត ពានរង្វាន់ UEFA Champions League និងការប្រកួតពានរង្វាន់ ដទៃទៀតនៅ រដូវកាលនេះ ដែលត្រូវបានអាក់ខានដោយសារវីរុសឆ្លងកូរ៉ូណា។ កិច្ចប្រជុំ នឹងឆ្លើយឆ្លងតាមរយៈវីដេអូ ដែលនឹងដំណើរការនៅថ្ងៃទី១ ខែមេសា នេះតែម្តង។ ព្រោះតែវីរុសឆ្លងកូរ៉ូណា រាល់ការប្រកួតបាល់ទាត់ដែលរៀបចំដោយ UEFA ត្រូវបានរំសាយ ដោយក្នុងនោះ ពានរង្វាន់ធំ UEFA Euro ដែលគ្រោងរៀបចំ នៅឆ្នាំនេះ ក៏ត្រូវបង្ខំចិត្តលើកការប្រកួតទៅឆ្នាំក្រោយ ២០២១។
UEFA បានចេញសេចក្តីថ្លែងការណ៍ថា “សហព័ន្ធ បានកោះប្រជុំ សមាជិក ទាំង៥៥ ដើម្បីពិភាក្សាពីជម្រើសនានា ដែលត្រូវបានកំណត់ និងដើម្បី រៀបចំសក្តានុពលនៃការប្រកួតឡើងវិញ។ កិច្ចប្រជុំ ក៏នឹងទាក់ទងដល់ ការផ្ទេរកីឡាករ និងកិច្ចសន្យានានា ដែលរងផលប៉ះពាល់ពីវីរុសឆ្លងផងដែរ”។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រធាន UEFA លោក Aleksander Ceferin បានអះអាងថា គ្រប់ក្របខ័ណ្ឌបាល់ទាត់ទាំងអស់ អាចនឹងរំសាយ បើមិនអាច ចាប់ផ្តើមការប្រកួតវិញនៅចុងខែមិថុនា។ យ៉ាងណា ការលើក ឡើងរបស់ លោក គឺសំដៅតែរដូវកាលនេះ មិនទាក់ទិន ដល់ការប្រកួត រដូវកាល ក្រោយទេ៕