ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍មកថា នឹងពន្យារពេលចុះហត្ថលេខាលើខ្សែបម្រើជួរមុខរបស់ ក្លិប Bayer Leverkusen កីឡាករ Kai Havertz នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេស អាល្លឺម៉ង់ មានការកើនឡើងខ្លាំង។
យោងតាមកាសែតរបស់អាល្លឺម៉ង់ Sky Sport បានឱ្យដឹងថា ក្លិបសេះបង្កង់គ្រោងនឹងចុះហត្ថលេខាជាមួយខ្សែបម្រើខាងលើនៅរដូវក្តៅនេះទៅហើយ ប៉ុន្តែដោយសារស្ថានភាពនៅក្នុងប្រទេស អាល្លឺម៉ង់ កំពុងតែជួបបញ្ហាអ្នកឆ្លងវីរុសកូរ៉ូណាមានការកើនឡើង ម្ល៉ោះហើយពួកគេត្រូវរង់ចាំឱ្យស្ថានភាពស្ងប់ស្ងាត់នៅពេលខាងមុខសិន ទើបអាចនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដី Turin បាន។
ខ្សែបម្រើ Havertz ត្រូវបានក្លិប Juventus ចាប់អារម្មណ៍រូបគេតាំងពីកំឡុងទីផ្សារដោះដូរកីឡាករនៅខែសីហា ឆ្នាំមុនមកម្ល៉េះ តែពេលនោះក្លិប Leverkusen មិនមានបំណងលក់ខ្សែបម្រើរបស់ខ្លួនទេ ម្លោះហើយក្លិបសេះបង្កង់ក៏តាមទិញម្តងទៀត លុះក្រោយមកភាគីទាំងសងខាងក៏ជិតឈានដល់កិច្ចព្រមព្រៀងគ្នាព្រមលក់នៅរដូវក្តៅនេះផងដែរ។
យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ វ័យ២០ឆ្នាំ រូបនេះនៅមានកិច្ចសន្យាជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ខណៈរដូវកាលនេះរូបគេរកបាន ៦គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៥លើកផងដែរ ក្រោយបង្ហាញខ្លួនចំនួន ២២ប្រកួត គ្រប់កម្មវិធីទាំងអស់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato