នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រកាសជាផ្លូវការ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា COVID-19 ជាជំងឺឆ្លងរាតត្បាត នៅទូទាំងប្រទេស ខណៈវាបានឆ្លង សរុប២១២នាក់ និងនៅតាមក្រុង-ខេត្ត ចំនួន២៥កន្លែង ។
អំឡុងពេលប្រកាសរបស់នាយករដ្ឋមន្ត្រី កាលពីគ្រាកន្លងមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការឆ្លងរាតត្បាតជំងឺ COVID-19 នោះ វៀតណាមមានតែ៦នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺនេះ ស្ថិតនៅក្នុងខេត្តចំនួនបី៖ ខេត្ត Khanh Hoa, Thanh Hoa និង ខេត្តVinh Phuc។
រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន vnexpress អះអាងថា លោកនាយករដ្ឋមន្ត្រីវៀតណាម បានប្រកាសជាផ្លូវការ និងជាក់លាក់ថា ជំងឺ COVID-19 គឺជាជំងឺឆ្លងរាតត្បាតទូទាំងប្រទេស ដែលក្នុងនោះទីក្រុង-ខេត្តចំនួន២៥ ក្នុងចំណោម៦៣ បានឆ្លងជំងឺនេះ ។ ទីក្រុងហាណូយ និងទីក្រុងហូជីមិញ រងគ្រោះធ្ងន់ធ្ងរជាងគេ។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានវៀតណាម អះអាងថា គិតមកត្រឹមព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វៀតណាមបានកត់ត្រាថា មានអ្នកជំងឺ COVID-19 ចំនួន២១២នាក់ ក្នុងនោះ៦៣នាក់បានចាកចេញពីមន្ទីរពេទ្យ។ ប្រទេសនេះពុំមានអ្នកជំងឺ COVID-19 បាត់បង់ជីវិតនោះឡើយ ។
ជំងឺ COVID-19 បានឆ្លងរាលដាល និងឆក់យកអាយុជីវិត មនុស្សជាង ៤២ ៣០០នាក់ នៅលើដែនដី និងប្រទេសចំនួន២១២ នៅជុំវិញសកលលោក៕ ប្រែសម្រួលដោយ៖ thach yat