ប្រព័ន្ធដែនអាកាសរបស់ប្រទេសស៊ីរី បានចេញប្រតិបត្តិការហោះស្ទាក់ និងចាប់កម្ទេចចោលប្រព័ន្ធមីស៊ីលរបស់អ៊ីស្រាអែល ដែលបាញ់ចេញពីមូលដ្ឋានកងទ័ពអាកាស នៅលីបង់ ហោះសម្តៅទៅរកគោលដៅរបស់ខ្លួននៅក្នុងខេត្ត Homs ។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់អំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬខូចខាត ក្នុងការវាយប្រហារតាមដែនអាកាសនោះនៅឡើយ។
ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋស៊ីរីបានផ្សាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់មីស៊ីលរបស់អ៊ីស្រាអែល ដែលហោះទៅកាន់គោលដៅ ចំណុចក្តៅនៃសង្គ្រាមនោះ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។
ប្រភពព័ត៌មាន SANA បានផ្សាយថា «ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ មុនពេលមីស៊ីលទាំងនោះឈានទៅដល់គោលដៅ» ។ ប្រភពនេះមិនបានលម្អិតព័ត៌មានក្រៅពីថា ការវាយប្រហារនោះបានសម្តៅទៅលើខេត្ត Homs តែប៉ុណ្ណោះ ។
បណ្តាញព័ត៌មាននេះ ត្រូវបានដកស្រង់ប្រភពពីយោធាមួយ ដោយបានថ្លែងថា ប្រព័ន្ធមីស៊ីលទាំងនោះបាញ់ដោយកងកម្លាំងជើងអាកាសអ៊ីស្រាអែល បាញ់ចេញពីមូលដ្ឋានជើងអាកាស នៅលីបង់។ គេមិនទាន់មានរបាយការណ៍ភ្លាមៗ ទាក់ទងនឹងការខូចខាត ឬបាត់បង់អាយុជីវិតនោះឡើយ។
ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីមូលដ្ឋាន នៅចក្រភពអង់គ្លេស បានបញ្ជាក់ថា ការវាយប្រហារនោះគោលដៅទៅលើមូលដ្ឋានយោធាជើងអាកាសមួយ ដែលកងកម្លាំងអ៊ីរ៉ង់ កំពុងមានវត្តមាន។
គួររំឭកថា ចាប់តាំងពីពេលចាប់ផ្តើមជម្លោះស៊ីរី បានកើតឡើង នៅក្នុងឆ្នាំ២០១១នោះមក អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហាររាប់រយដងរួចមកហើយ តាមដែនអាកាសស៊ីរី សំដៅគោលដៅទៅលើទីតាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី ក៏ដូច កងកម្លាំងអ៊ីរ៉ង់ដែលជាសម្ពន្ធមិត្ត និងពួកសកម្មប្រយុទ្ធ មកពីក្រុមលីបង់ និងហេសបូឡោះ ។
ការវាយប្រហារបែបនេះ កម្រឃើញអ៊ីស្រាអែល ចេញមុខទទួលស្គាល់ការវាយប្រហារខ្លាំងណាស់៕ ប្រែសម្រួលដោយ៖ thach yat