បើទោះជាអាល្លឺម៉ង់ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជិត៧ម៉ឺននាក់ និងស្លាប់ ៦៨២នាក់ក្ដី ប៉ុន្តែអាល្លឺម៉ង់ បានបញ្ជូនយន្តហោះយោធា A400M ទៅកាន់អ៊ីតាលី និងបារាំង ដើម្បីដឹកពលរដ្ឋរបស់ខ្លួន នាំមកព្យាបាល នៅក្នុងប្រទេសវិញ។
សារព័ត៌មាន China News បានផ្សាយថា ការឆ្លងរាលដាល នៅអឺរ៉ុប កាន់តែមានសភាពអាក្រក់ឡើង ជាពិសេស នៅក្នុងប្រទសអ៊ីតាលី បារាំង និងអេស្ប៉ាញ ។ ចំណែកប្រទេសអាល្លឺម៉ង់ មានប្រព័ន្ធសុខាភិបាលល្អបំផុតក្នុងតំបន់ ទើបសម្រេចបញ្ជូនយន្តហោះទៅដឹកប្រជាពលរដ្ឋ ដែលឆ្លងកូវីដ-១៩ នាំមកព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។
នៅពេលនេះ មានអ្នកជំងឺ ពីបារាំង ចំនួន៣០នាក់ បានទៅព្យបាល នៅក្នុងប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យអាល្លឺម៉ង់នឹងទទួលព្យាបាលអ្នកជំងឺមួយចំនួន នាំមកពីអ៊ីតាលីផងដែរ។ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ Annegret Kramp-Karrenbauer បានបញ្ជាក់ថា នេះជាពេលវេលាដ៏សំខាន់ ដើម្បីជួយដល់មិត្តភក្តិ ហើយអឺរ៉ុប នឹងត្រូវសាមគ្គីគ្នា ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕ ប្រែសម្រួលដោយ៖MEO