ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែមេសា បានបិទព្រំដែនជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន រួមមាន ប្រទេសកម្ពុជា និងឡាវ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ហើយបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់។
យោងតាមសារព័ត៌មានវៀតណាម Vnexpress បានផ្សាយ នៅថ្ងៃទី១ ខែមេសា ថា វៀតណាម បានបិទព្រំដែនរបស់ខ្លួន នៅភាគនិរតីជាមួយនឹងប្រទេសឡាវ និងកម្ពុជា ចាប់ផ្ដើមពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០០២។ នេះជាវិធានការ សម្រាប់ការទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩។
ក្រសួងការបរទេសវៀតណាម បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថា ប្រទេសវៀតណាមបានសម្រេចផ្អាកសកម្មភាពឆ្លងកាត់ព្រំដែន នៅតាមច្រកទ្វារសំខាន់ៗ និងច្រកទ្វារផ្សេងៗទៀត ដែលជាសកម្មភាពចេញចូលតំបន់ព្រំដែនជាមួយនឹងកម្ពុជា ហើយឡាវ។ វិធានការបែបនេះ មានគោលបំណងទប់ស្កាត់នូវការឆ្លងកូវីដ១៩ និងដើម្បីឲ្យមានភាពប្រាកដប្រជា ចំពោះវិធីសាស្រ្ដប្រឆាំងនឹងវីរុសកូវីដ១៩ នៅក្នុងប្រទេសវៀតណាម។
យោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា បើគិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់ ក្នុងនោះជាសះស្បើយ ចំនួន៥៨នាក់។ រីឯកម្ពុជា មានអ្នកឆ្លង ចំនួន១០៩ ក្នុងនោះជាសះស្បើយ ចំនួន២៣នាក់។ ចំណែកប្រទេសឡាវ មានអ្នកឆ្លង ចំនួន៩នា៕ ប្រែសម្រួលដោយ Nuon