បើគិតពីថ្ងៃទី៣១ ខែមីនា មកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា (ម៉ោងនៅកម្ពុជា) វីរុសកូវីដ១៩ បានសម្លាប់មនុស្ស នៅលើពិភពលោក ក្នុង១ថ្ងៃ ចំនួន៤៣២០នាក់ ហើយនេះជាចំនួនមួយគួរឲ្យ ភ័យខ្លាច និងព្រួយបារម្ភបំផុត។
យោងតាម Worldometer បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមេសា នេះ វីរុសកូវីដ១៩ បាន និងកំពុងរាតត្បាត នៅតាមប្រទេស និងដែនដី ចំនួន២០២ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងសរុប ៨៥៨ ១២៧នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ ស្លាប់៤២១៤០នាក់ និងជាសះស្បើយ ចំនួន ១៧៧ ១៤១នាក់។
បណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក អាមេរិក មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងរហូតដល់ ១៨៨២៨០នាក់ ក្នុងនោះសម្លាប់៣៨៨៣នាក់ (ស្លាប់ថ្មីក្នុង១ថ្ងៃ ចំនួន៧៤៣នាក់) និងអ្នកជាសះស្បើយ ៦៤៦១នាក់។ រហូតមកដល់ពេលនេះ អាមេរិកក្លាយជាប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក។
ប្រទេសអ៊ីតាលី មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់១០៥ ៧៩២ ក្នុងនោះមានអ្នកស្លាប់១២ ៤២៨ (ស្លាប់ថ្មីក្នុង១ថ្ងៃ ចំនួន៨៣៨នាក់) និងអ្នកជាសះស្បើយ១៥៧២៩នាក់។ ប្រទេសអ៊ីតាលី មានអ្នកឆ្លងច្រើនលំដាប់លេខ២ បន្ទាប់ពីអាមេរិក តែអ៊ីតាលី មានអ្នកស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក។
ប្រទេសអេស្ប៉ាញ ក្លាយជាប្រទេសឈរលំដាប់លេខ៣ នៃអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង៩៥៩២៣នាក់ ក្នុងនោះស្លាប់កើនឡើង៨៤៦៤នាក់ និងជាអ្នកជាសះស្បើយ ចំនួន១៩២៥៩នាក់។
ដោយឡែកប្រទេសចិន ជាប្រភពដើម នៃការផ្ទុះឡើងវីរុសកូវីដ១៩នោះ មានអ្នកឆ្លង៨១៥១៨នាក់ ក្នុងនោះស្លាប់៣៣០៥នាក់ និងជាសះស្បើយ៧៦០៥២នាក់។ ចិនបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៃអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍ជាបណ្ដោះអាសន្នបានទាំងស្រុក ហើយចិនអាចមានលទ្ធភាពជួយដល់បណ្ដាប្រទេសផ្សេងៗទៀត នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon