ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសCOVID-19 នៅក្នុងខេត្តChon Buri ភាគខាងកើតនៃប្រទេសថៃនោះលោក Pakkarathorn Thienchai ជាអភិបាលខេត្តបានបញ្ជាឱ្យបិទអាជីវកម្មមួយចំនួន រួមទាំងហាមឃាត់ការលក់ស្រានៅចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ៦ព្រឹក។ វិធានការថ្មីបានក្លាយជារឿងដែលត្រូវអនុវត្តជាដាច់ខាត បន្ទាប់ពីមនុស្សជាង ៥០នាក់នៅក្នុងខេត្តត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ដែលធ្វើឱ្យ Chon Buri ក្លាយជាខេត្តមួយក្នុងចំណោមខេត្តចំនួន ១៥ ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត។ លោកអភិបាលបានបិទគ្លីនិកថែរក្សាសម្រស់ កន្លែងគោលដៅទេសចរណ៍ អាហារដ្ឋានទាំងអស់លើកលែងតែសេវាកម្មដឹកជញ្ជូន។
សកម្មភាពមួយចំនួនត្រូវបានហាមឃាត់ដូចជានៅក្នុងសណ្ឋាគារ កន្លែងសាធារណៈ និងហាងដែលបើក២៤ម៉ោង នឹងត្រូវបិទនៅម៉ោង ១០យប់រហូតដល់ម៉ោង ៥ព្រឹក។ នៅខេត្ត Nakhon Pathom បុគ្គលិកពេទ្យចំនួន ២២នាក់នៅឯមន្ទីរពេទ្យស្រុក Bang Len ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយអ្នកជំងឺភេទស្រីអាយុ ៥៦ឆ្នាំដែលមានផ្ទុកវីរុសកូរ៉ូណាដោយមិនបានដឹងខ្លួន។
បុគ្គលិកពេទ្យបានដឹងការពិតនៅថ្ងៃទី ២៨ ខែមីនានៅពេលដែលកូនស្រីរបស់អ្នកជំងឺបានប្រាប់ពួកគេថាម្តាយរបស់នាងបានទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺនៅមន្ទីរពេទ្យ។
រូបតំណាង
ជាមួយគ្នានេះដែរ ថៃបានបញ្ជាឱ្យមានការស៊ើបអង្កេតលើការស្លាប់ដ៏អាថ៌កំបាំងរបស់អ្នកដំណើរនៅលើរថភ្លើងនៅភាគខាងត្បូងផងដែរ។ សពជនរងគ្រោះត្រូវបានគេយកចេញពីរថភ្លើងនៅស្ថានីយ៍រថភ្លើង Tap Sakae ក្នុងខេត្ត Prachuap Khiri Khan ។ អភិបាលខេត្ត SRT លោក Woravuth Mala បាននិយាយថាក្រុមមន្រ្តីមានការព្រួយបារម្ភអំពីការស្លាប់នេះ ព្រោះវាអាចទាក់ទងទៅនឹងវីរុសកូរ៉ូណា។ លទ្ធផលធ្វើតេស្តត្រូវបានគេរំពឹងថានឹងចេញក្នុងពេលឆាប់ៗនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD