ក្រៅពីទទួលការទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃហើយនោះ ការជ្រើសរើសអាហារបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរដើម្បីដោះស្រាយបញ្ហាស្បែកស្ងួត។
ឥលូវនេះ អេតមីននិងធ្វើការរៀបរាប់ពីការញុានូវប្រភេទអាហារមួួយចំនួនដើម្បីការពារស្បែករបស់អ្នកកុំអោយស្ងួតខ្លាំង និងធ្វើអោយមានសំណើមស្រស់ស្អាតថែមទៀតផង។
១. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់សុខភាពល្អដែលជួយផ្ដល់សំណើមដល់ស្បែកពីខាងក្នុង ព្រមទាំងល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ គ្រាន់តែប្រាកដថាអ្នកជ្រើសរើសយកយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករខ្ពស់។
២. ចេក
មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៣. ត្រីសម្បូរខ្លាញ់
ចូរបន្ថែមប្រភេទត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអោយបានទៀងទាត់។ ត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណាជាដើម គឺសុទ្ធតែជាប្រភេទត្រីដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អជួយផ្ដល់សំណើមដល់ស្បែក និងប្រសើរសម្រាប់សុខភាពបេះដូង។
៤. ឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយផ្ដល់ និងរក្សាជាតិសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមជ្រីវជ្រួញ។
៥. ផ្លែបឺរ
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ និងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អនិងវីតាមីន E។
៦. ត្រសក់
ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងវីតាមីន C ដែលចាំបាច់សម្រាប់ការផលិតកូឡាជែនជួយរក្សាសុខភាពស្បែកនិងផ្ដល់សំណើម។ ដូច្នេះអ្នកដែលមានបញ្ហាស្បែកស្ងួត ចូរព្យាយាមទទួលទានត្រសក់ជាប្រចាំ។
៧ .ប្រេងអូលីវ
មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយរក្សាសំណើមនៃស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតបានយ៉ាងប្រសើរ។
៨. ឆៃថាវ
បន្លែមើមនេះមានផ្ទុកនូវជាតិផូស្វ័រ, វីតាមីន C, ស័ង្កសី និងវីតាមីន B ដែលល្អចាំបាច់សម្រាប់សុខភាពស្បែកប្រសើររឹងមាំ។ ជាតិទឹកដែលឆៃថាវមានផ្ទុក ក៏ជួយក្នុងការរក្សាបាននូវកម្រិតជាតិសំណើមក្នុងស្បែកផងដែរ។ ចំណែកសារធាតុសម្លាប់មេរោគបាក់តេរីនៃឆៃថាវ គឺជួយទប់ស្កាត់បញ្ហាស្បែកមួយចំនួនដូចជា រោលកន្ទួលក្រហម និងស្បែកស្ងួតប្រេះ ៕