សហរដ្ឋអាមេរិក ៖ អតីតអ្នកកីឡាកាសរបស់ស្ថាប័ន WWE លោក James Harris ដែលមានរហស្សនាមថា Giant Kamala ត្រូវបានរាយការណ៍ថាបានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩។
បុរសសញ្ជាតិអាមេរិកដែលមានកម្ពស់ ២,០១ម៉ែត្រ បានចាប់ផ្តើមអាជីពក្នុងវិស័យកីឡាកាស ជាមួយក្រុមហ៊ុនលោក Vince McMahon នៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០។ លោកត្រូវបានរាយការណ៍ថា បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ បន្ទាប់ពីមិនអាចតស៊ូយកឈ្នះនឹងវីរុសកូវីដ១៩បាន។
សហអ្នកនិពន្ធជីវប្រវត្តិរបស់ Giant Kamala គឺលោក Kenny Casanova បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ជាអកុសលពាក្យចចាមអារាមគឺជាការពិត។ វាគឺជាកូរ៉ូណា (COVID19) ដែលបានឆក់យកជីវិតរបស់គាត់។ គាត់គឺជាមនុស្សល្អម្នាក់។ បើទោះបីជាគាត់ដើរតួអង្គបិសាច ក្នុងចំណោមតួអង្គចម្លែកៗ ដែលគួរឱ្យខ្លាចបំផុតនៅក្នុងវីស័យកីឡាកាសយ៉ាងណាក៏ដោយ»។បន្ទាប់ពីទទួលបានដំណឹងអកុសលខាងលើ ស្ថាប័ន WWE ក៏បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារ, មិត្តភក្តិ រួមជាមួយអ្នកគាំទ្រ ចំពោះការបាត់បង់ Giant Kamala៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព