ប្រទេសនីហ្សេ ៖ ប្រភពព័ត៌មានផ្លូវការនានារាយការណ៍ថា មនុស្ស៨នាក់ក្នុងនោះមានជនជាតិនីហ្សេ២នាក់ និងជនជាតិបារាំង៦នាក់ បានត្រូវផ្តាច់យកជីវិត កាលពីថ្ងៃទី៩ សីហា នៅប្រទេសនីហ្សេ នាវេលាម៉ោង១២និង៣០នាទីម៉ោងនៅបារាំង ។ មនុស្សទាំងនោះរងការវាយប្រហារពីសំណាក់ពួកជនប្រដាប់អាវុធ ដែលជិះម៉ូតូក្នុងតំបន់ KOURE ចម្ងាយប្រមាណជា៦០គីឡូម៉ែត្រខាងកើតទីក្រុងនីយ៉ាម៉េ រដ្ឋធានីរបស់នីហ្សេ ។
វិមានប្រធានាធិបតីបារាំងសង់អេលីហ្សេអះអាងថា បណ្ដាជនជាតិបារាំងស្ថិតក្នុងចំណោមជនរងគ្រោះ តែមិនបានបញ្ជាក់ពីចំនួនឡើយ ។ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីនីហ្សេ លោកម៉ាហាម៉ាឌូអ៊ីសស៊ូហ្វូពីការវាយប្រហារនោះ ។ អាជ្ញាធរបារាំងបានទទួលសេចក្ដីរាយការពីរដ្ឋអំណាចមូលដ្ឋានដែលនិយាយថា មានជនរងគ្រោះបារាំង៦នាក់ដែលភាគច្រើនជាបុគ្គលិកមនុស្សធម៌ ។
ចំណែកកងទ័ពបារាំងដែលមានវត្តមាននៅនីហ្សេប្រកាសថា បានជួយទ្រទ្រង់ដល់កងទ័ពនីហ្សេ តាមសំណើរបស់អាជ្ញាធរប្រទេសនោះ ក្រោយការវាយប្រហារនេះ ។ នេះជាការវាយប្រហារលើកដំបូងសំដៅមនុស្សនៃពួកលោកខាងលិច ក្នុងតំបន់នោះជាកន្លែងទាក់ទាញពួកអ្នកទេសចរមួយ ចាប់តាំងពី២០ឆ្នាំមកហើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព