កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទីហ្វុងចំនួន២ កំពុងបោកបក់នៅកូរ៉េខាងត្បូង និងចិន ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា !
ភ្នំពេញ៖ ចាប់ពីថ្ងៃពុធ ១២ សីហា ស្អែកនេះ ព្យុះទីហ្វុងចំនួន ២ ដែលកំពុងវាយប្រហារបណ្តាប្រទេសជាច្រើននៅអាស៊ីប៉ុន្មានថ្ងៃចុង ពិសេសកូរ៉េខាងជើង ប្រទេសចិន និងកោះតៃវ៉ាន់ នឹងបន្តដំណើររបស់វាមកកាន់ភាគខាងជើងឧបទ្វីបកូរ៉េ និងខេត្តណាន់ជីង ប្រទេសចិន ដែលអំឡុងពេលនេះ កម្ពុជានឹងរងឥទ្ធិពលពីព្យុះនេះ ដោយធ្វើឲ្យតំបន់ជាច្រើនទូទាំងប្រទេស មានការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់។
យោងតាមក្រសួងធនធានទឹក និងឧត្តុនិយម ចាប់ពីថ្ងៃ ១២ ដល់ថ្ងៃ ១៨ ខាងមុខ កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបពីព្យុះ យ៉ាងមី (JANGMI) ដែលបច្ចុប្បន្នកំពុងបោកបក់ក្បែរឧបទ្វីបកូរ៉េ និងបន្តដំណើរទៅភាគខាងជើង ខណៈនៅក្នុងសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិនផងដែរ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមាន ព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
ក្រសួងក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេស នៅតំបន់វាលទំនាបកណ្តាល៕ ដោយ៖ ត្នោត