រាជធានីភ្នំពេញ ៖ LogoនិងMascotដែលគេហៅថា SEA Games Property ត្រូវបានគេចាត់ទុកថាជាកម្មសិទ្ធរបស់ស៊ីហ្គេមនោះ មិនអាចយកមកធ្វើពាណិជ្ជកម្មបានឡើយ ។ ដូច្នេះបើសិនជាមានបុគ្គលឬក្រុមហ៊ុនណាបំពានហ៊ានលួចយកទៅប្រើនឹងត្រូវប្រឈមចំពោះមុខច្បាប់ ។ នេះបើតាមការឱ្យដឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិកីឡាស៊ីហ្គេមលើកទី៣២នៅក្នុងពិធីរាប់ថយក្រោយ១០០០ថ្ងៃឈានទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅពហុកីឡដ្ឋានមរតកតេជោកាលពីថ្ងៃទី៧ សីហា។
នៅក្នុងពិធីប្រកាសពានរង្វាន់ជ័យលាភីLogoនិងMascotរបស់SEA GamesនិងASEAN Paragames 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងៃឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នោះ បានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់រួចហើយថា Logo និង Mascot យើងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចហើយ គឺជាកម្មសិទិ្ធបញ្ញារបស់យើង ។ ហេតុនេះពាក់ព័ន្ធទៅនឹងវិធានការ ករណីមានការរំលោភបំពាន យើងត្រូវគោរពតាមច្បាប់កម្មសិទ្ធិបញ្ញា ដែលយើងបានចុះបញ្ជី ដែលមានចែងនៅក្នុងសេចក្ដីណែនាំស្ដីពីកម្មសិទ្ធិបញ្ញាដែលមានសិទ្ធិត្រឹមណា គេអាចធ្វើបាន ។ ដូច្នេះអ្នកដែលហ៊ានលួចប្រើនឹងមានទោសទណ្ឌទៅតាមច្បាប់ក្រសួងពាណិជ្ជកម្មរបស់រដ្ឋយើង ។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា ពាក់ព័ន្ធទៅនឹងLogoនិងMascot សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាកម្មសិទិ្ធបញ្ញារបស់CAMSOCដែលមិនអាចមានជនណា បុគ្គលណា ឬក្រុមហ៊ុនណា យកទៅប្រើដោយគ្មានការអនុញ្ញាតពីCAMSOCឡើយ។
សម្ដេចក៏បានអំពាវនាវឱ្យចូលរួមថែរក្សា ការពារកម្មសិទ្ធិបញ្ញា ពិសេសផ្សព្វផ្សាយស្លាកសញ្ញាLogoនិងMascotឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOCបានលើកឡើងបញ្ជាក់ពីអត្ថន័យខ្លឹមសារ ស្លាកសញ្ញា និងបាវចនាស៊ីហ្គេម២០២៣ដូចខាងក្រោមនេះ៖
ស្លាកសញ្ញា Logo ៖ ជានិមិត្តរូបប្រាសាទអង្គរវត្តពណ៌មាស រូបនាគព័ន្ធមាន៤ពណ៌ខុសៗគ្នាជាមួយកងចំនួន១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ពណ៌ទឹកមាសជាមួយនឹងពាក្យដែលមានជាភាសាអង់គ្លេសខាងក្រោម«The 32nd SEA Gamses Cambodia Phnom Penh»។
សត្វតំណាង Mascot ៖ ជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរ មានឈ្មោះថាបុរីជាតួអង្គប្រុស និងរំដួលជាតួអង្គស្រី ។ តួអង្គប្រុសដៃស្ដាំកាន់ភ្លើងគប់ និងតួអង្គស្រីដៃសំពះស្វាគមន៍ភ្ញៀវ ។ តួអង្គទាំងពីរមានទឹកមុខញញឹម មានលក្ខណៈជាខ្មែររួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្ដៅទៅដល់ប្រតិភូ និងភ្ញៀវដែលបានអញ្ជើញមកប្រកួតកីឡាSEA Gamesលើកទី៣២ឆ្នាំ២០២៣។បាវចនា Motto ៖ «កីឡារស់ក្នុងសន្តិភាព-Sports Live in Pease»ដែលមានអត្ថន័យស៊ីជម្រៅក្នុងគុណប្រយោជន៍នៃសន្តិភាព ។ មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព