ពេលដែលអ្នកទទួលមតិយោបល់ពីអ្នកដទៃ តើអ្នកគិតថាវាជាការរិះគន់ទេ?ពេលដែលអ្នកជួបនឹងឧបសគ្គ តើអ្នកចុះចាញ់ទេ? តើអ្នកងាយបោះបង់ចោលលើអ្វីមួយមុនពេលចាប់ផ្តើមធ្វើវាព្រោះអ្នកមិនដែលធ្វើវាពីមុនមកដែរទេ?
ប្រសិនបើចម្លើយរបស់អ្នក គឺបាទ ឬចាស នោះ អ្នកប្រហែលជាមានផ្នត់គំនិតដែលកំពុងរារាំងអ្នកមិនឲ្យជោគជ័យ និងក្លាយជាអ្នកមានហើយ ។ នរណាៗក៏ចង់ដឹងពីអាថ៌កំបាំងក្នុងការក្លាយជាមនុស្សដែលជោគជ័យដែរ ។ វាអាចជាការខិតខំប្រឹងប្រែង ប៉ុន្តែការពិតជាក់ស្តែង វាមានកត្តាជាច្រើនទៀតដែលចូលរួម។ កត្តាមួយដែលសំខាន់គឺការមានផ្នត់គំនិងដែលត្រឹមត្រូវ ។ខាងក្រោម គឺជាវិធីងាយៗក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកដើម្បីជួយជំរុញឲ្យអ្នកកាន់តែជោគជ័យទាំងក្នុងការងារ និងអាជីវកម្ម ៖
១. ចាប់ផ្តើមតាមដានមើលទម្លាប់មិនល្អ
អ្នកត្រូវដឹងពីការឆ្លើយតបរបស់អ្នកទៅនឹងស្ថានការណាមួយដូចជាពេលទទួលបានមតិយោបល់ពីអ្នកដទៃ ពេលដែលបរាជ័យ និងពេលដែលមានឱកាសសាកល្បងអ្វីដែលថ្មីៗជាដើម ។ ប្រសិនបើការឆ្លើយតបរបស់អ្នកភាគច្រើនគឺការចុះចាញ់ និងបោះបង់នោះ អ្នកប្រហែលជាមានទម្លាប់មិនល្អដែលត្រូវកែប្រែហើយ ។
២. អនុញ្ញាតឲ្យមតិយោបល់ល្អៗជំរុញដល់ការលូតលាស់របស់អ្នក
វាមិនងាយស្រួលទេក្នុងការទទួលយកការវាយតម្លៃពីអ្នកដទៃ ព្រោះវាប្រៀបដូចជាបង្ហាញនូវចំណុចខ្សោយរបស់អ្នកឲ្យអ្នកដទៃមើលឃើញជាដើម ។ ប៉ុន្តែវាអាចជួយឲ្យអ្នកលូតលាស់ និងអភិវឌ្ឍន៍ខ្លួនបាន ។ ដូច្នេះអ្នកគួរតែស្វាគមន៍ការវាយតម្លៃទាំងនោះ និងព្យាយាមរៀនសូត្រពីការវាយតម្លៃដែលល្អៗ ។ការវាយតម្លៃទាំងនោះមិនឆ្លុះបញ្ចាំងនូវតម្លៃរបស់អ្នកទេ តែគឺអ្វីដែលអ្នកនឹងធ្វើជាមួយវាទើបឆ្លុះបញ្ចាំងនូវតម្លៃរបស់អ្នកពិតប្រាកដ ។
៣. អនុញ្ញាតឲ្យខ្លួនបរាជ័យ
វាមិនជារឿងភ្ញាក់ផ្អើលទេដែលមនុស្សម្នាក់ចង់ជឿជាក់លើសមត្ថភាពរបស់ខ្លួន ។ ប៉ុន្តែវាមិនមែនមានន័យថាអ្នកត្រូវតែជោគជ័យគ្រប់ពេលវេលាទេ ។ ផ្ទុយមកវិញ ការបរាជ័យក៏អាចជាឱកាសរៀនសូត្រល្អសម្រាប់អ្នកដែរ ។ ដូច្នេះនៅពេលដែលមានកិច្ចការថ្មី ឬគម្រោងការថ្មីដែលអ្នកចាប់អារម្មណ៍ អ្នកគួរតែចូលរួមនិងចាប់ផ្តើមពីជំហានតូចៗ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព