វាជាមិនមែនជារឿងចម្លែកទេដែលមនុស្សភាគច្រើនយល់ព្រមជួយ ឬធ្វើអ្វីមួយសម្រាប់អ្នកដទៃដោយមិនបានគិតច្រើនរហូតដល់ពេលធ្វើទើបខឹងនឹងខ្លួនឯងដែលកំពុងមានកិច្ចការច្រើនក្នុងដៃស្រាប់ ។ ស្ថានការនេះងាយនឹងកើតមានឡើងជាពិសេសនៅពេលដែលអ្វីដែលអ្នកត្រូវធ្វើឲ្យអ្នកដទៃ គឺនៅឆ្ងាយទៅថ្ងៃមុខ ។
មនុស្សភាគច្រើនចៀសវាងការបដិសេធនឹងសំណើរដែលមានរយៈពេលឆ្ងាយទៅខាងមុខ ដូចជាមួយខែ ឬពីរខែ ព្រោះពួកគេគិតថា វាអាចធ្វើឲ្យអ្នកដទៃគិតថា ខ្លួនមិនចេះគូរសម ឬចិត្តអាក្រក់ជាដើម ។ ប៉ុន្តែជាក់ស្តែង ការបដិសេធមិនតែងតែមិនល្អឡើយព្រោះពេលវេលា គឺជាធនធានដែលមានតម្លៃជាងគេសម្រាប់មនុស្ស ។
ដូចដែលលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ធ្លាប់បាននិយាយដែរថា ភាពខុសគ្នារវាងមនុស្សដែលជោគជ័យ និងមនុស្សដែលជោគជ័យខ្លាំងគឺមនុស្សដែលជោគជ័យខ្លាំងចូលចិត្តបដិសេធនឹងសំណើរស្ទើរតែទាំងអស់ ។
លោកចេ សាន់ ហ្វ្រីដ (Jason Fried) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Basecamp ក៏បាននិយាយដែរថា «ប្រសិនបើអ្នកចូលចិត្តយល់ព្រមនឹងសំណើរ អ្នកគួរតែរៀនបដិសេធទៅ ។ ការបដិសេធផ្តល់ឱកាសឲ្យអ្នកកាន់តែច្រើនក្នុងការយល់ព្រមទៅនឹងអ្វីដែលអ្នកចង់ធ្វើ បង្កើត សាកល្បង ដកបទពិសោធមន៍ និងប្រទះឃើញ» ។ មនុស្សចូលចិត្តចង់ឲ្យអ្នកដទៃគិតថា ខ្លួនជាមនុស្សមានចិត្តល្អ ប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានគ្រប់យ៉ាងទេមិនថាអ្នកបានលះបង់អ្វីៗដើម្បីអ្នកដទៃប៉ុនណាក៏ដោយ ។ ដូច្នេះពេលដែលអ្នកទទួលបានសំណើរពីអ្នកដទៃលើកក្រោយ អ្នកគួរតែចៀសវាងយល់ព្រមដោយមិនបានគិតច្រើន ។ អ្នកអាចសួរខ្លួនឯងថា «ប្រសិនបើវាកើតឡើងនៅថ្ងៃស្អែក តើខ្ញុំមានពេលដើម្បីធ្វើវាទេ?» ការធ្វើដូច្នេះមិនត្រឹមតែអនុញ្ញាតឲ្យអ្នកជ្រើសរើសតែកិច្ចការដែលល្អៗសម្រាប់ធ្វើទេ តែវាអនុញ្ញាតឲ្យអ្នកមានពេលដើម្បីគិត រៀបចំផែនការ និងធ្វើការសម្រេចចិត្តល្អៗទៀតផង។ ប្រសិនបើអ្នកមិនមានចិត្ត ឬពេលក្នុងការធ្វើកិច្ចការនោះនៅថ្ងៃស្អែកទេ អ្នកគួរតែពិចារណាបដិសេធនឹងសំណើរនោះទៅ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព