ក្រុងហុងកុង ៖ មហាសេដ្ឋីក្រុងហុងកុងលោកJIMMY LAI បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី១០ សីហា មុនពេលក្រុមហ៊ុនសារព័ត៌មានរបស់លោកត្រូវចូលឆែកឆេរ ក្នុងនាមនៃច្បាប់ស្ដីពីសន្តិសុខជាតិ ។ នេះជាដំណាក់កាលថ្មីមួយក្នុងការចាប់ផ្ដើមក្ដោបក្ដាប់ក្នុងដៃអតីតដែនដីអាណានិគមអង់គ្លេសនោះពីសំណាក់ចិន ។
មហាសេដ្ឋីរូបនោះត្រូវចាប់ខ្លួននៅផ្ទះរបស់លោក នាវេលាម៉ោង៧ព្រឹកម៉ោងក្នុងស្រុក ។ នេះជាការអះអាងរបស់មនុស្សជំនិតលោកម្នាក់ដែលបន្តថា សមាជិកឯទៀតៗនៃក្រុមហ៊ុនកាសែតរបស់គេក៏ត្រូវចាប់ខ្លួនដែរ ។ ក្នុងសេចក្ដីប្រកាសមួយប៉ូលិសនិយាយថា មនុស្ស៧នាក់បានត្រូវចាប់ខ្លួនពីបទសង្ស័យឃុបឃិតជាមួយកងកម្លាំងបរទេស ដែលនោះជាមួយ«ខ» ក្នុងចំណោម «ខ» សំខាន់ៗដែលមានចែកក្នុងច្បាប់ស្ដីពីសន្តិសុខនៅហុងកុងដែលចិនបានដាក់ឲ្យប្រើតាំងពីដំណាច់ខែមិថុនាមក ។
ចាត់ទុកថាជាចម្លើយតបមួយរបស់ក្រុងប៉េកាំង ចំពោះបាតុកម្មស្និទ្ធប្រជាធិបតេយ្យ ដែលក្រឡុកក្រុងហុងកុងអស់ពេលជាច្រើនខែកាលពីឆ្នាំ២០១៩ ។ ច្បាប់នោះបានផ្ដល់ឲ្យអាជ្ញាធរហុងកុងនូវអំណាចថ្មីៗ ដើម្បីបង្ក្រាបបទឧក្រិដ្ឋ៤ប្រឆាំងសន្តិសុខរដ្ឋ គឺការធ្វើវិច្ឆេទកម្ម ការបំបែកខ្លួន ភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងពីខាងក្រៅ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព