ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានករណីឆ្លងថ្មីចំនួន ១៥នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយ ជាបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុងខេត្តត្បូងឃ្មុំ បានធ្វើដំណើរមកពីប្រទេសរុស្សី ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរមកកម្ពុជា។
ចំណែកអ្នកឆ្លងថ្មីចំនួន ១៥នាក់ មានជនជាតិចិន ១៣នាក់ ដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ដោយឡែកជនជាតិខ្មែរ ២នាក់ ជាកុមារីអាយុ ១៣ឆ្នាំ និងស្រ្តីអាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះហើរមកកម្ពុជា នៅថ្ងៃតី០៩ ឆ្នាំ២០២០ ជាមួយអ្នករួមដំណើរ ៧៥នាក់។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៤៦នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមួយក្នុងរាជធានីភ្នំពេញ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៦៦នាក់ មានស្រ្តីចំនួន ៥២នាក់ និងបុរស ២១៤នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២២០នាក់ ដែលមានស្រី ៤៦នាក់ និងប្រុស ១៧៤នាក់ ស្មើនឹង៨២,៧១% នៃចំនួនសរុប៕