លោក Jimmy Lai គឺជាម្ចាស់សារព័ត៌មាន Apple Daily និង Next Magazine ដែលជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ និងតែងតែចេញផ្សាយអត្ថបទរិះគន់ចំៗ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។ បើតាមប៉ូលិសហុងកុងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួន ពីបទ“គប់គិត”ជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយ មានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តឲ្យប្រើនៅទីក្រុងហុងកុង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។
លោក ម៉ាក ស៊ីម៉ុន (Mark Simon) ជាមនុស្សជំនិតម្នាក់ ក៏ជាជំនួយការរបស់លោក Jimmy Lai បានប្រាប់ព័ត៌មានពីការចាប់ខ្លួនខាងលើ ប្រាប់សារព័ត៌មាន ។ លោក Simon បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេបានចាប់ខ្លួនលោក Jimmy Lai) នៅឯផ្ទះរបស់លោកនៅម៉ោង ៧៖០០នាទីព្រឹកមិញនេះ ហើយសមាជិកមួយចំនួនទៀត នៃក្រុមហ៊ុនផ្សព្វផ្សាយរបស់លោក ក៏ត្រូវបានចាប់ខ្លួនផងដែរ»។
មហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុងហុងកុង លោក ជីមមី ឡៃ (Jimmy Lai) ដែលជាមនុស្សម្នាក់តែងតែរិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំង ឥតសំចៃមាត់ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយនៅថ្ងៃចន្ទនេះ ក្រោមច្បាប់សន្តិសុខជាតិថ្មី ពីបទគប់គិតជាមួយបរទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។
តាមសម្ដីប៉ូលីសហុងកុងបញ្ជាក់ថា សកម្មភាពការចាប់ខ្លួនព្រឹកនេះ មានបរុសយ៉ាងហោចណាស់ ៧ នាក់ត្រូវបានចាប់ខ្លួន ហើយពួកគេមានអាយុចាប់ពី ៣៩ឆ្នាំ ដល់ ៧២ឆ្នាំ ។
តាមវីដេអូផ្សាយផ្ទាល់របស់ Apple Daily បានឃើញថា ព្រឹកដែលប៉ូលីសសម្រុកចូលក្នុងអាគារស្ថាប័នធ្វើការចាប់ខ្លួនលោក Jimmy Lai បន្ទាប់មកប៉ូលីសបាននាំខ្លួនលោកមកវិញ ហើយក៏ចូលក្នុងការិយាល័យលោកធ្វើការឆែកឆេរ ។
មន្ដ្រីប៉ូលីសសុវត្ថិភាពជាតិជាន់ខ្ពស់ Li Guihua បានបញ្ជាក់ថា ការចូលឆែកឆេរព្រឹកនេះគឺមានបញ្ជាឆែកឆេរពីតុលាការ ហើយសកម្មភាពក៏ត្រូវធ្វើដោយរលូន។ បន្ទាន់មកគាត់ពុំបានផ្ដល់បទសម្ភាសជាមួយអ្នកកាសែត ហើយក៏ចាកចេញពីអាគារនោះតែម្ដង។
អ្នកផ្ដល់ដំណឹងខាង Apple Daily មួយរូបដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ប៉ូលីសកំពុងធ្វើការឆែកឆេរអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ស្ថាប័ននេះ ហើយស្ថាប័នក៏បានរៀបចំមេធាវីដើម្បីផ្ដល់ជំនួយ ។
ភាគហ៊ុនរបស់សារព័ត៌មាន Apple Daily និង Next Magazine បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ 16.7% ដែលទាបបំផុតក្នុងប្រវត្ដិសាស្ដ្រ។
តាំងពីហុងកុងប្រកាសច្បាប់សន្តិសុខជាតិថ្មីនេះមក មានប្រទេសលោកខាងលិចជាច្រើនរួមទាំងប្រទេសកាណាដា , អូស្ត្រាលី , ចក្រភពអង់គ្លេស, ញូវហ្សេឡែន , អាល្លឺម៉ង់និងបារាំង។ល។ បានធ្វើការប្រកាសផ្អាក“ការធ្វើបត្យាប័ន”ជាមួយនឹងហុងកុង។
បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើបទបញ្ជានីតិប្បញ្ញត្តិ និងបញ្ជាប្រតិបត្តិរដ្ឋបាល ដោយប្រធានាធិបតី លោកដូណាល់ត្រាំ(Donald Trump)កាលពីពាក់កណ្តាលខែមុន ដោយបញ្ចប់ការអនុគ្រោះដល់ហុងកុង ហើយក្រសួងហិរញ្ញវត្ថុក៏បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួននឹងដាក់ទណ្ឌកម្មដល់លោកស្រី Carrie Lam នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសនៃហុងកុង និងមន្ដ្រី ១១ រូបផ្សេងទៀត ដោយទ្រព្យសម្បត្ដិទាំងអស់របស់ពួកគេស្ថិតនៅសហរដ្ឋអាមេរិកនឹងត្រូវបានបង្កក់ទុក ព្រមទាំងហាមឃាត់ជនជាតិអាមេរិកធ្វើមុខជំនួញជាមួយពួកគេ ។
ចំណែកឯរដ្ឋាភិបាលហុងកុងបានចេញសេក្ដីថ្លែការថា ពាក្យថា“ទណ្ឌកម្ម”ដែលសហរដ្ឋអាមេរិកនិយាយនោះគឺព្រៀបដូចជា“ថោកទាប និងឥតគេខ្មាស់”។
ឥលូវនេះ លោក Jimmy Lai អាយុ ៧២ ឆ្នាំ និងអ្នកបង្កើតគណបក្សប្រជាធិបតេយ្យលោក Lee Chu-ming និងបក្សពួកទាំង ១៥ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅខែមេសា ឆ្នាំ២០២០ នេះ ពីបទពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងការកែច្បាប់ហុងកុង ការញុះញង់ឲ្យមានការចូលរួមបាតុកម្មគ្មានការអនុញ្ញាត។ល។ ដោយរឿងក្ដីនេះកំពុងត្រូវបានពិនិត្យ និងកាត់ក្ដីជាបន្ដបន្ទាប់។