ចាប់តាំងពីល្ងាចម្សិលមិញ មកទល់នឹងថ្ងៃនេះ ករណីស្ត្រីកងទ័ពមួយខៀវកម្ពុជា មានទីលំនៅក្នុងក្រុងតាខ្មៅ បានក្លាយជាប្រធានបទក្តៅខ្លាំងនៅលើបណ្តាញសង្គម នាំឲ្យពលរដ្ឋកម្ពុជាបង្ហាញក្តីបារម្ភជាខ្លាំង។
គួររំឮកបន្តិច ក្រោយក្រសួងសុខាភិបាល កាលពីថ្ងៃ ៩ រកឃើញស្ត្រីកងទ័ពមួយខៀវកម្ពុជាមានផ្ទុកកូវីដ ១៩ នោះ ដំណឹងជាច្រើនបានលេចឮជាបន្តបន្ទាប់ដែលថា ស្ត្រីរូបនេះបានប៉ះពាល់ជាមួយមនុស្សជាច្រើន រួមទាំងបានយកអាហារទៅប្រគេនព្រះសង្ឃនៅវត្តមួយក្នុងក្រុងតាខ្មៅទៀតផង ខណៈការលើកឡើងទាំងនេះ ត្រូវបានចៅសង្កាត់សិត្បួ ទទួលស្គាល់រឿងរ៉ាវស្ត្រីមានផ្ទុកកូវីដ ១៩ រូបនេះ ជាការពិត ដោយចេញអះអាងតាមរយៈលិខិតផ្លូវការ។
អ្វីដែលកាន់តែឲ្យពលរដ្ឋកម្ពុជាបារម្ភខ្លាំង ក្រោយលោក អ៊ិំ ឡេង ចៅសង្កាត់សិត្បូ បានចេញលិខិតផ្លូវការហើយនោះ នៅព្រឹកថ្ងៃច័ន្ទនេះដែរ លោក លី សុវណ្ណ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ចេញមុខទទួលស្គាល់ការអះអាងនេះដែរ។
ប៉ុន្តែនៅរសៀលថ្ងៃច័ន្ទនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានចេញមុខបកស្រាយជាថ្មីថា ស្ត្រីកម្ពុជារូបនេះវិលត្រលប់ពីប្រទេសម៉ាលី បានមកដល់កម្ពុជា តាំងពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ តែទើបរកឃើញវិជ្ជមានកូវីដ១៩។ បើតាមរបាយការណ៍ពាក់ព័ន្ធរបស់ចៅសង្កាត់សិត្បូ ដែលអះអាងថា ស្ត្រីកងទ័ពមួកខៀវរូបនោះបានទៅប៉ះពាល់ជាមួយមនុស្សជាច្រើននាក់ ទៅវត្តធ្វើបុណ្យនោះ លោកជំទាវបានបដិសេធថា ការងារនេះជាការងាររបស់អាជ្ញាធរមូលដ្ឋាននៅទីតាំងផ្ទាល់ ប៉ុន្តែអ្វីដែលយើងគួរធ្វើនៅពេលនេះ ត្រូវតែមានការត្រួតពិនិត្យឡើងវិញ។
លោកជំទាវបានបន្តថា ចំពោះព័ត៌មានផ្សេងៗដែលបានចែកចាយ ប្រាសចាកពីអ្វីដែលក្រុមការងារបានចុះស្រាវជ្រាវផ្ទាល់ និងទទួលស្គាល់ពីសាមីខ្លួននេះ សូមកុំបន្តចែកចាយ ចៀសវាងការភាន់ច្រឡំ និងបន្តភាពជ្រួលច្របល់ក្នុងសង្គម៕ ដោយ៖ ត្នោត