ខេត្តបន្ទាយមានជ័យ ៖ ភាពរាំងបានកើតមានជាយូរខែ ធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅស្រុក-ក្រុងមួយចំនួនត្រូវរងការខូចខាត ប៉ុន្តែនៅយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេយ៉ាងធំនិងរលឹមទល់ភ្លឺ បានធ្វើឲ្យតំបន់ខ្លះនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រងការជន់លិចដោយសារជំនន់ទឹកភ្លៀង។
បើតាមការបញ្ជាក់ពីអ៊ំប្រុសម្នាក់ដែលជាយោធិនពិការនៅទីនោះប្រាប់ឲ្យដឹងថា កាលពីវេលម៉ោងប្រហែល៩យប់ថ្ងៃទី៦ ខែសីហា មានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់វេលាម៉ោង២ឈានចូលថ្ងៃទី៧ ខែសីហា បានធ្វើឲ្យផ្ទះរបស់គាត់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោ ភ្នំឆ័ត្ររួមនឹងផ្ទះបងប្អូនជាយោធិនពិការប្រមាណជិត៤០ខ្នង បានរងការជន់លិច។
លោកវរសេនីយ៍ទោ សុខ ស្រេង នាយរងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោ ភ្នំឆ័ត្រក៏បានប្រាប់ថា ភ្លៀងធ្លាក់បានធ្វើឲ្យផ្ទះបងប្អូនយោធិនពិការប្រមាណ៤០ខ្នងរងការជន់លិច ក្នុងចំណោមផ្ទះបងប្អូនយោធិនពិការសរុបជិត៤០០ខ្នង។ ទឹកដែលជន់លិចនេះបានហូមកពីផ្នែកខាងលើមកដល់ផ្លូទី៥នេះ បានធ្វើឲ្យជន់លិចផ្ទះយោធិនខាងលើនេះតែម្តង ដោយលូមានមុខកាត់តូចហូរមិនទាន់ ដូច្នេះហើយធ្វើឱ្យជន់លិចតែម្តង។
ក្នុងនោះលោក អភិបាលស្រុកក៏បានធ្វើការសំណូមដលបងប្អូនពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមេឃរកកល់ចង់ភ្លៀង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលតែងតែកើត នឹងបានធ្វើការណែនាំឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដោយនៅរដូវនេះ អាចប្រឈមនឹងទឹកជំនន់ទឹកភ្លៀង ក្រែងកើតមានករណីជាយថាហេតុណាមួយកើតមានឡើង ពិសេសប្រុងប្រយ័ត្នចំពោះសត្វអសិរពិសជាដើម៕ដោយ៖ត្នោត