អាមេរិក ៖ តាមរបាយការណ៍ជាក់ស្តែងរបស់សាកលវិទ្យាល័យចនស៍ហបឃីន បានបង្ហាញកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន ៥លានករណី ខណៈដែលករណីបាត់បង់ជីវិតសរុបដោយសារជំងឺនេះកើនដល់ ១៦២,០០០ករណី បើទោះបីជាប្រទេសនេះកំពុងតទល់ជាមួយជំងឺនេះយ៉ាងស្វិតស្វាញក៏ដោយ។
ចំនួនករណីឆ្លងកូវីដ១៩ សរុបរបស់អាមេរិចបានកើនឡើងដល់ ៥,០០០,៦០៣ករណី នៅព្រឹកថ្ងៃអាទិត្យ និង១៦២,៤៤១នាក់បានបាត់បង់ជីវិត ដែលជាចំនួនលើសលុបប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតលើលោក។
ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនមិនសប្បាយចិត្តនឹងការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះវិបត្តិមុនការបោះឆ្នោតខែវិច្ឆិកា ដែលអាចមើលឃើញថា លោកនឹងអាចមិនជាប់អណត្តិបន្តទេ។
គូប្រជែងប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ដែលជាលោក Joe Biden បានសរសេរនៅថ្ងៃអាទិត្យថា៖ «សហរដ្ឋអាមេរិក ទើបតែមានករណីឆ្លងកូវីដ១៩ សរុបឡើងដល់ ៥លាននាក់។ វាជាលេខដែលធ្វើឱ្យចិត្តច្របូកច្របល់ និងធ្វើឱ្យពិបាកក្នុងចិត្ត។ រាល់ពេលដែលចំនួនកើនឡើង វាបង្ហាញពីការផ្លាស់ប្តូរជីវិតដល់សង្គមគ្រួសាររងនូវការថប់បារម្ភ និងវិបត្តិដល់សហគមន៍។ វាមិនគួរមានរឿងអាក្រក់ដល់បែបនេះសោះ»។
ដើម្បីបង្ហាញថា លោកកំពុងចាត់វិធានការ លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិ ដើម្បីពង្រីកការផ្តល់ជំនួយហិរញ្ញវត្ថុដល់ជនជាតិអាមេរិកដែលរងគ្រោះដោយរោគរាតត្បាត បន្ទាប់ពីសមាជិកសភាបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជម្រុញសេដ្ឋកិច្ចថ្មី។
ជាមួយនឹងភាពអត់ការងារធ្វើទ្វេដង ការរំខានដល់អាជីវកម្មពីវិធានការណ៍គម្លាតសង្គម និងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស ជនជាតិអាមេរិកជាច្រើនបានពឹងផ្អែកលើវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ ដែលត្រូវបានអនុម័តមុនដោយសភា ប៉ុន្តែភាគច្រើនត្រូវផុតកំណត់នៅខែកក្កដា៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព