នាយចំណង់ ស៊ុន ឌីណាត ដែលជាមន្ត្រីប៉េអឹមផ្នែកអន្តរាគមន៍ម្នាក់ និងជាគ្រូហ្វឹកហ្វឺន ផ្នែកការពារបាតុកម្ម ខឹងថ្នាក់លើរបស់ខ្លួនគាបសង្កត់ខ្លាំងពេក ទាញកាំភ្លើងអាការ៤៧បាញ់មេឃជាង២០គ្រាប់ នៅកណ្តាលក្រុងសៀមរាប ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តឱ្យបាត់ក្តៅចិត្ត ដោយសាររឿងផ្ទៃក្នុង ។ ពេលបាញ់ហើយជនបង្ក ក៏មិនបានរត់ទៅណាដែរ ធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្ញៀវបរទេស រហូតដល់ថ្នាក់ខេត្តទៀតផង។
ហេតុការណ៍បាញ់បោះសេរី ដោយសាររឿងផ្ទៃក្នុង នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តនោះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី៨ សីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តដែលបានលួចបង្ហើបប្រាប់នៅល្ងាចថ្ងៃទី៩ សីហា ថា ជនបង្កមានឈ្មោះស៊ុន ឌីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើង អាកា៤៧(AK47) អស់ប្រមាណជាង២០គ្រាប់។
សេចក្តីរាយការណ៍បន្តថា មន្ត្រីខាងលើមានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម…។មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានបញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឱ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។
ប្រភពបានឱ្យដឹងទៀតថា ករណីបាញ់បោះសេរីនៅក្នុងបរិវេណទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នេះត្រូវបានខាងការិយាល័យបុគ្គលិក នៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបង្កបាញ់បោះ ខាងលើ យកមកសួរនាំរួចហើយ តែចំណាត់ការបន្តយ៉ាងណានោះគេនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ពលរដ្ឋនៅក្នុងក្រុងសៀមរាប រង់ចាំទន្ទឹងមើលថា តើវាសនា ជនបង្ក ដែលខឹងថ្នាក់លើបាញ់បោះសេរី បង្អើល សត្វប្រចៀវ កណ្តាលក្រុងសៀមរាប ក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទាំងយប់នោះ អាចគេចផុតពីក្រញាំច្បាប់ដែរ ឬ ក៏ថ្នាក់លើ ផ្លាស់ប្តូរកន្លែងធ្វើការដោយសុវត្ថិភាពបែបណានោះ មិនទាន់ដឹងនៅឡើយទេ …ចាំមើលទៀត ! ដោយ៖ត្នោត