ភ្នំពេញ÷គូរស្នេហ៍វ័យក្មេងមួយគូរនាំគ្នាចូលសំរាកនៅក្នុងផ្ទះសំណាក់មួយកន្លែងស្រាប់តែមានជនសង្ស័យបែកថ្នាំរត់ទៅគោះទ្វារបន្ទប់
ចូល រួចខ្ទប់ទ្វារជិតបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្ទះសំណាក់ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ក្នុងផ្ទះសំណាក់ ដែលមានយីហោ “ផ្ទះសំណាក់ សេវេន អេច ឌី” ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ប្រភពពីអ្នកគ្រប់គ្រងផ្ទះសំណាក់បានឲ្យដឹងថា ជំហានដំបូងស្មានថាជាចោរ ព្រោះជនសង្ស័យខាងលើបានរត់ចូលក្នុងផ្ទះសំណាក់ឡើងទៅជាន់ទី៥ទាំងអាការៈភ័យស្លន់ស្លោ ដូចរត់គេចពីនរណាម្នាក់ ធ្វើឲ្យម្នាក់ៗនៅក្នុងផ្ទះសំណាក់មានការភិតភ័យយ៉ាងខ្លាំង ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ នៅពេលដែលសមត្ថកិច្ចចុះមកដល់ បុរសដែលជាជនសង្ស័យខាងលើបានរត់ទៅជាន់ទី៣ ទៅគោះទ្វារបន្ទប់លេខ៣០៥ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីលឺសូរសម្លេងគោះទ្វារច្រើនដងពេក គូរស្នេហ៍ខាងលើស្មានតែម្ចាស់ផ្ទះសំណាក់ហៅក៏បានទៅបើកទ្វារ ស្រាប់តែបុរសដែលជាជនសង្ស័យនោះក៏ស្ទុះចូលទៅក្នុងបន្ទប់នោះដែរ រួចចាក់សោរពីខាងក្នុងយ៉ាងជិត។ ប្រភពដដែលបានបន្តរៀបរាប់ទៀតថា នៅពេលដែលជនសង្ស័យព្យាយាមរត់គេច ពួនពីសមត្ថកិច្ចនៅក្នុងបន្ទប់លេខ៣០៥ខាងលើ ធ្វើឲ្យគូរស្នេហ៍នៅក្នុងបន្ទប់នោះមានការភិតភ័យមិនហ៊ានស្រែក ព្រោះថាមិនដឹងជាករណីអ្វី។ លុះនៅពេលដែលសមត្ថកិច្ចព្យាយាមលួងលោមអស់រយៈពេលជាច្រើនម៉ោង ទើបជនសង្ស័យខាងលើនោះ ព្រមបើកទ្វារចេញតាមសម្រួល។
ចំណែកឯគូរស្នេហ៍ដែលស្នាក់នៅបន្ទប់ខាងលើក៏បានរៀបរាប់ដូចគ្នានេះដែរ។
ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនោះបានប្រាប់ខ្លួនមានឈ្មោះ គង់ សុភ័ក្រ្ត ខ្លួនកំពុងរត់គេចពីសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងដេញចាប់ខ្លួន និងដេញវាយ ទើបរត់គេចបែបនេះទើបរួចខ្លួន។
ទោះយ៉ាងណាក៏ដោយក្រោយពេលទទួលបានពាក្យបណ្តឹងពីម្ចាស់ផ្ទះសំណាក់សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងប្រលិតដើម្បីសាកសួរបន្ថែម រីឯគូរស្នេហ៍ដែលស្នាក់នៅក្នុងបន្ទប់ខាងលើក៏សមត្ថកិច្ចនាំទៅសាកសួរបន្ថែមដែរដើម្បីឲ្យដឹងរឿងកាន់តែច្បាស់៕ ដោយ÷សួង សាម