រាជធានីភ្នំពេញ ៖ ក្នុងពេលនេះ ស្ថានភាពផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម មានការកើនឡើងគួរឱ្យបារម្ភ ប៉ុន្តែគណៈកម្មការរៀបចំស៊ីហ្គេមនៅក្នុងប្រទេសនេះ នៅតែប្រកាសថា នឹងដំណើរការការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍មួយនេះដដែលតាមគម្រោងដែលបានគ្រោងទុក ។ ជាមួយនឹងការមិនប្រកាសរំសាយ ឬលើកពេលបែបនេះហើយ ទើបគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅ កាត់ គ . ជ . ប . អ (CAMSOC) ដែលជាអ្នកទទួលខុសត្រូវសម្រាប់ការប្រកួតស៊ីហ្គេមនៅវៀតណាមនោះផង បានប្រាប់សហព័ន្ធកីឡាជាតិនានាអំពីការត្រៀមខ្លួនឱ្យកាន់តែខ្លាំងដើម្បីចូលរួមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ទោះជាវៀតណាមនៅមិនទាន់អាចទប់ស្កាត់ជំងឺកូវីដ-១៩ និងមិនទាន់អាចធ្វើឱ្យជំងឺនេះបាត់រីករាលដាលនៅក្នុងប្រទេសខ្លួន តែគណៈកម្មការស៊ីហ្គេមនៅតែយកទីតាំងវៀតណាមធ្វើជាម្ចាស់ផ្ទះដដែលទេ ទើបជារឿងដែលកីឡាករកីឡាការិនីកម្ពុជា មិនអាចប្រហែស ។ លោកបានទាំងប្រកាសថា កម្ពុជាគឺត្រូវតែបង្កើនកម្លាំងសម្រាប់ព្រឹត្តិការណ៍មួយនេះផង ដោយគ្រាន់តែការត្រៀមខ្លួននោះ ក៏ត្រូវមានការប្រយ័ត្នប្រយែងពីកូវីដ-១៩ផងដែរ ដើម្បីសុវត្ថិភាព និងដើម្បីដណ្ដើមយកមោទនភាពនៅក្នុងព្រឹត្តិការណ៍នោះផង ។
លោកបានបញ្ជាក់ថា កម្ពុជាកំពុងធ្វើដំណើរដោយស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយក្តីសង្ឃឹមបំផុតក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែក៏មិនបានមើលស្រាលសម្រាប់ការប្រកួតស៊ីហ្គេមដែលនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាមឆ្នាំក្រោយផងដែរ បើទោះជាមានការលើកឡើងថា បើប្រទេសវៀតណាមនៅតែមានការកើនឡើងនូវជំងឺកូវីដ-១៩ គឺស្ថានការណ៍រៀបចំនឹងអាចប្រែប្រួល ។
យ៉ាងណាមិញលោកមានការជឿជាក់ថា ការរៀបចំនោះនឹងមិនមានការប្រែប្រួលនោះទេ ខណៈដែលតំបន់ផ្ទុះជំងឺកូវីដ-១៩នៅវៀតណាម ក៏មិនមែនជាទីតាំងរដ្ឋធានីដែលវៀតណាមជ្រើសជាទីតាំងស៊ីហ្គេមដែរ។
ដូចគ្នានឹងការលើកឡើង លោក វ៉ាត់ ចំរើន ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន អនុ ប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីពេលថ្មីៗផងដែរថា កម្ពុជាដាច់ខាតត្រូវតែផ្តោតលើ២ចំណុចសំខាន់ គឺ ទី១-បានផ្តល់ព័ត៌មាន ជាក់លាក់ជូនដល់សហព័ន្ធកីឡាជាតិនានា អំពីការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង ទី ២ គឺការដាក់ចេញនូវយុទ្ធសាស្ត្ររៀបចំ ក្រុមពិសេសសម្រាប់ប្រភេទកីឡានីមួយៗ សម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធ កីឡាជាតិទាំងអស់ ត្រូវសម្រិតសម្រាំងក្រុម ពិសេសរបស់ខ្លួនដើម្បីបង្កើនគុណភាពកាន់តែ ខ្ពស់ ។
លោកថា ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រ នៃការបញ្ជាក់នូវលទ្ធភាពចំពោះប្រភេទកីឡា របស់កម្ពុជាយើង ដែលអាចបន្តចូលទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានឬមិនបាននោះ ក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺផ្អែកទៅលើលទ្ធផលបច្ចេកទេស នៃស៊ីហ្គេមលើកទី៣១នេះហើយ ទើបកម្ពុជាមានទំនុកចិត្តខ្ពស់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ។ ដូច្នេះហើយទើបលោកចាត់ទុកថា ស៊ីហ្គេមនៅវៀតណាមសំខាន់ ទោះជាមានអ្នកថា កុំទាន់ប្រឹងរង់ចាំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះខ្លួនឯង ចាំបង្ហាញសាច់ដុំ ។
ចំពោះលក្ខណៈ ពិសេសក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣លោកថា កម្ពុជាបានសហការជាមួយអ្នកឯកទេសក្រៅប្រទេស ដើម្បីរៀបចំជាក្រុមពិសេស សំដៅសម្រុកឆ្ពោះទៅគោលដៅដ៏ធំចម្បង ដូចជា ការត្រៀមឆ្ពោះទៅកាន់ការប្រកួត អូឡាំពិកហ្គេម គឺត្រូវត្រៀម៤ឆ្នាំ ហើយកម្ពុជា ក្នុងការត្រៀមស៊ីហ្គេម២០២៣ នេះ ក៏ត្រៀមកម្លាំងពិសេសដូចគ្នា ផងដែរ។
លោកបញ្ជាក់ទៀតថា គោលដៅយុទ្ធសាស្ត្រ ចំនួន៣ចំណុចសំខាន់ៗ ត្រូវបានលោក អនុប្រធាន CAMSOC អះអាងថា ទី១-សហព័ន្ធកីឡាជាតិមួយត្រូវបង្កើតគោលការណ៍ យន្តការច្បាស់លាស់មួយ ផ្តល់ការគាំទ្រដល់ ក្រុមនេះមានភាពកក់ក្តៅ ក្នុងការអភិវឌ្ឍជំនាញ របស់ខ្លួន ។ ទី២-អភិវឌ្ឍន៍បច្ចេកទេសដល់ក្រុម ពិសេសនេះឲ្យមានគុណផលកីឡាកាន់តែខ្ពស់ ។ ទី៣-ត្រូវស្វែងរកនូវមូលនិធិដើម្បីទ្រទ្រង់ ឧបត្ថម្ភគាំទ្រទៅដល់ក្រុមពិសេសនេះ ដើម្បីសម្រួច គោលដៅបាញ់ឆ្ពោះទៅស៊ីហ្គេម២០២៣ ។ ជាមួយគ្នានោះ កីឡាករ-កីឡាការិនីគ្រប់សហព័ន្ធសំខាន់ដែលមានឈ្មោះទៅប្រកួតនៅវៀតណាម ក៏សុទ្ធតែបង្កើនសមត្ថភាពផងដែរ ក្រោយពេលមានការអនុញ្ញាតឱ្យជួបជុំហ្វឹកហាត់ជាថ្មី។
គួរបញ្ជាក់ផងដែរថា មុននេះបន្តិច លោក វ៉ាត់ ចំរើន ក៏បានលើកឡើងនូវប្រសាសន៍របស់ លោកបណ្ឌិត ថោង ខុន ដែលបានបញ្ជាក់ ហើយបញ្ជាក់ទៀតថា យើងមិនដើរថយក្រោយទេ យើងឆ្ពោះទៅមុខជានិច្ច ដោយ យើងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងជាមួយ សហព័ន្ធកីឡាជាតិទាំងអស់ ។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលដឹកនាំដោយសម្ដេចពិជ័យ សេនា ទៀ បាញ់ បញ្ជាក់ពីការធ្វើដំណើររួមគ្នាដោយស្វាហាប់និងម៉ឺងម៉ាត់បំផុត ជាពិសេសគឺដំណើរប្រកបដោយក្តីសង្ឃឹមបំផុតឆ្ពោះទៅជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទន្ទឹមនឹងការប្ដេជ្ញាចិត្តនៅក្នុងការត្រៀមខ្លួននោះ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព