លោកប្រាដ ខ្លនស៍ (Brad Klontz) ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្រហិរញ្ញវត្ថុបានចែករំលែកមមកថាមានអត្តចរិតបួនប្រភេទដែលជះឥទ្ធិពលលើការគ្រប់គ្រងលុយរបស់មនុស្សម្នាក់ៗ។ មូលហេតុគឺមកពីការសម្រេចចិត្តលើបញ្ហាហិរញ្ញវត្ថុទាក់ទិននឹងសតិអារម្មណ៍របស់មនុស្ស ដូច្នេះអ្នកនឹងអាចគ្រប់គ្រងការសម្រេចចិត្តទាំងនេះបានល្អជាងមុនប្រសិនបើអ្នកយល់ដឹងពីខ្លួនឯងដែរ។ខាងក្រោមគឺជាអត្តចរិតទាំងបួនដែលលោកខ្លនស៍បានលើកឡើង៖
១. អ្នកចូលចិត្តជៀសវាងលុយ
អ្នកដែលមានអត្តចរិតនេះជាមនុស្សដែលចូលចិត្តជៀសវាងប្រធានបទដែលទាក់ទិននឹងទ្រព្យសម្បត្តិ។ លោកណេថេន អាសថល (Nathan Astle) ដែលជាសមាជិកគណៈគ្រប់គ្រង Financial Therapy Association បានប្រាប់មកថា វាកើតមានឡើងនៅពេលដែលមនុស្សម្នាក់ធ្លាប់មើលឃើញឪពុកម្តាយឈ្លោះគ្នាពីរឿងលុយ ហើយបច្ចុប្បន្ននេះប្រធានបទទាំងនេះធ្វើឲ្យពួកគេមិនសប្បាយចិត្ត។
អ្នកទាំងនេះក៏ជាមនុស្សដែលអាចបោះបង់សុភមង្គលរបស់ខ្លួនដើម្បីកូនៗរបស់ពួកគេដែរ។ អ្នកស្រីអេរីកា វ៉ាសើមេន (Erika Wasserman) ដែលជាស្ថាបនិករបស់ Your Financial Therapist បានប្រាប់មកថា ម្តាយៗភាគច្រើនមានអត្តចរិតមួយនេះ។
២. អ្នកចូលចិត្តគោរពលុយ
មនុស្សដែលស្ថិតក្នុងប្រភេទនេះមានលក្ខណៈផ្ទុយពីអ្នកដែលជៀសវាងលុយ។ អ្នកទាំងនេះគិតថាទ្រព្យសម្បត្តិស្មើនឹងសុភមង្គលរបស់ពួកគេដែរ។ ពួកគេអាចជាមនុស្សដែលធ្វើការមិនឈប់ និងនិយាយថាមនុស្សមិនអាចមានលុយគ្រប់គ្រាន់បានទេ។
៣. អ្នកចូលចិត្តគិតថាលុយស្មើវណ្ណៈ
អ្នកទាំងនេះគិតថាតម្លៃខ្លួនរបស់ពួកគេស្មើនឹងទ្រព្យសម្បត្តិដែលពួកគេមាន។ ពួកគេភាគច្រើនជាមនុស្សដែលចូលចិត្តអួតអាងទ្រព្យសម្បត្តិដែលខ្លួនមាន និងជាមនុស្សដែលព្យាយាមចាយវាយតាមអ្នកដទៃជុំវិញខ្លួនឯងដែរ។ ពួកគេភាគច្រើនជាមនុស្សដែលចាយវាយលើសពីសមត្ថភាពរបស់ខ្លួន។
៤. អ្នកដែលព្រួយច្រើនពីរឿងលុយ
អ្នកទាំងនេះមិនត្រឹមតែចូលចិត្តសន្សំលុយទុកពេលមានអាសន្នទេ តែពួកគេក៏មានការព្រួយបារម្ភច្រើនពីរឿងលុយដែរដែលធ្វើឲ្យពួកគេឧស្សាហ៍ឆែកមើលគណនីធនាគាររបស់ខ្លួនជាដើម។ ជាក់ស្តែង វាមិនអាក្រក់ទាំងស្រុងទេ ប៉ុន្តែមនុស្សដែលមានអត្តចរិតនេះមិនអាចយកលុយទៅធ្វើអ្វីដែលនាំយកសុភមង្គលមកឲ្យខ្លួនច្រើនឡើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព