Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនឿដ៏គួរឱ្យខ្លាចអំពីហាមលេងពួនក្នុងពេលរាត្រី

ការលេងពួនគឺ ជាល្បែងកំសាន្តដ៏រីករាយមួយសម្រាប់កំដរអារម្មណ៍កែការអផ្សុក ក៏ប៉ុន្តែមានជំនឿដ៏គួរឱ្យខ្លាចទាក់ទងទៅនឹងការលេងពួននេះ ប្រសិនបើលេងនៅក្នុងពេលយប់។ 

ចាស់បុរាណតែងហាមដាច់ខាតមិនឱ្យក្មេង រើសយកការលេងពួនជាល្បែងកម្សាន្តក្រោយពេលព្រះអាទិត្យលិចទៅឡើយ ដោយសារគាត់ជឿថា ប្រសិនបើអ្នកដែលត្រូវតាមរកគេពួន មិនអាចរកឃើញសមាជិកដែលលេងទាំងអស់នោះទេ អ្នកដែលលេងទាំងអស់ នឹងបាត់ខ្លួនម្ដងម្នាក់ៗ ដោយព្រលឹងអមនុស្សបានចាប់យកទៅសម្លាប់ក្នុងហេតុណាមួយដូចជា ពន្លិចចូលទៅក្នុងទឹកត្រពាំងចាប់ទាញជើងពីលើដើមឈើឱ្យធ្លាក់បាក់កស្លាប់ ឬក៏ព្រលឹងខ្មៅចូលរូបរាងកាយអ្នកដែលលេងពួននោះទៀតផង។

ទាក់ទងទៅនឹងការលេងពួនក្នុងពេលយប់នេះ មានប្រិយមិត្តជាច្រើន ដែលមានបទពិសោធន៍ជួបហេតុការណ៍អាក្រក់ បានរ៉ាយរ៉ាប់រឿងរ៉ាវឱ្យក្រុមការងាររាត្រីរន្ធត់យកមកផ្សាយបន្ត។

អ្នកនាង វង្ស សារ៉ាន់ បានរៀបរាប់រឿងពិតរបស់គាត់ថា, កាលពីខ្ញុំអាយុ 12 ឆ្នាំ ខ្ញុំរស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងជីវភាពជាកូនកសិករ។ អ្នកស្រុកអ្នកភូមិរបស់យើង មិនមាននរណាលើណាទេ គឺសុទ្ធតែជាកសិករដូចគ្នា ហើយក្មេងទាំងអស់ក្នុងភូមិតែងតែលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។ តែទម្លាប់អ្នកភូមិម៉ោង 6:00 ល្ងាចគឺចូលគេងហើយ ជាពិសេសក្មេងៗមិនត្រូវឱ្យនៅដល់យប់ជ្រៅនោះទេ។

តែរដូវចូលឆ្នាំបានចូលមកដល់។ អ្នកស្រុកអ្នកភូមិបាននាំគ្នារៀបវង់លេងល្បែងកម្សាន្ត និងរាំចង្វាក់ប្រពៃណីដោយក្តីរីករាយពេញមួយថ្ងៃ និងបន្តដល់យប់ទៀត រីឯក្មេងៗ ក៏ត្រូវឪពុកម្ដាយអនុញ្ញាតឱ្យលេងល្បែងនានាជាក្រុមយ៉ាងសប្បាយក្អាកក្អាយ។ ដោយសារមនុស្សចាស់មកនាំគ្នារាំរែកច្រើនពេក ពួកយើងក៏នាំគ្នាទៅលេងនៅវាលអណ្ដូងទឹកក្នុងភូមិ។ យើងមានគ្នាប្រហែល 10 នាក់ ហើយដោយពឹងលើពន្លឺព្រះខែដ៏ភ្លឺត្រចះត្រចង់ដែលជះមកលើដីធ្វើឱ្យយើងអាចមើលគ្នាឃើញក្នុងពេលរាត្រីបាន។ 

យើងនាំគ្នាប៉ាវ ហើយម្នាក់ដែលប៉ាវចាញ់គេក៏ចាប់ផ្ដើមបិទភ្នែករាប់ ឯអ្នកទាំងអស់គ្នាក៏នាំគ្នារត់ទៅពួនតាមកន្លែងរៀងខ្លួន ដាច់ឆ្ងាយពីគ្នា។ ខ្ញុំក៏មិនចង់ទៅពួនជិតគេដែរព្រោះខ្លាចគេរកឃើញម្នាក់ប្រាកដជារកឃើញទាំងពីរនាក់តែម្ដង ដូច្នេះហើយខ្ញុំក៏រត់ទៅពួននៅឌុបព្រៃមួយ ហើយសម្ងំយ៉ាងស្ងៀមស្ងាត់មិនឱ្យបញ្ចេញសំឡេងឬក៏ប្រើអ្វីឡើយ។ 

ខ្ញុំឮសំឡេងសើចកក្អឹកពីចម្ងាយ ដោយរកឃើញគ្នាយើងពួន ពីកន្លែងផ្សេងៗគ្នា។ ខ្ញុំរង់ចាំអស់មួយសន្ទុះដើម្បីឱ្យអ្នករក ដើរមករកខ្ញុំដល់កន្លែងនេះ តែមិនឃើញគេដើរមករកខ្ញុំសោះ។ មួយសន្ទុះបន្ទាប់ទៀត, ខ្ញុំបានឮសំឡេងសម្រឹបជើង ដើរតម្រង់មកកន្លែងដែលខ្ញុំកំពុងពួនក្នុងដុបស្មៅនេះ។

ខ្ញុំព្យាយាមសម្ងំយ៉ាងស្ងៀមមិនហ៊ានកម្រើកសូម្បីតែបន្តិច ខ្លាចចេញសំឡេង។ តែក្រោយពីសម្រាប់ជើងនោះដើរមកចាំមកខ្ញុំគ្រប់យ៉ាងស្ងៀមស្ងាត់ឈឹង។ ខ្ញុំបន្តនៅស្ងៀម ដែលគិតថានេះគឺជាល្បិចអ្នករកចង់ឱ្យខ្ញុំចេញពីកន្លែងពួនដោយខ្លួនឯង ហើយខ្ញុំមិនចាញ់បោកងាយៗនោះទេ។

តែក្រោយពីគ្រប់យ៉ាងស្ងប់ស្ងាត់, ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង។ រំពេចនោះស្រាប់តែមានដៃមួយមកកេះស្មារបស់ខ្ញុំហើយពេលខ្ញុំងាកទៅឃើញរូបរាងដល់ធំខ្ពស់របស់នរណាម្នាក់ដែលមានស្បែកខ្មៅគ្រាប់ភ្នែកក្រឡោតកំពុងសម្លឹងមកខ្ញុំហើយបង្ហាញធ្មេញញញឹមមករកខ្ញុំ។ ខណៈដែលខ្ញុំភ័យរន្ធត់ហើយបម្រុងនឹងរត់ចេញ, រាងកាយខ្មៅនោះក៏បានលូកដៃមកចាប់ករបស់ខ្ញុំយ៉ាងណែន។ ដៃរបស់វារឹងខ្លាំងណាស់ ហើយធ្វើឱ្យករបស់ខ្ញុំមុត។

ខ្ញុំឈឺចាប់ហើយប្រឹងរកបម្រើរហូតរវល់ដៃពីករបស់ខ្ញុំហើយខ្ញុំក៏រត់យ៉ាងលឿន។ ពេលចេញពីដុបព្រៃនោះទៅខ្ញុំឃើញថាគ្រប់គ្នាមិននៅទីនេះទៀតទេ។ ខ្ញុំរត់តម្រង់ទៅផ្ទះរបស់ខ្ញុំវិញហើយនៅតាមផ្លូវខ្ញុំឃើញអ្នកភូមិជាច្រើននាក់កំពុងតែរត់សំដៅមកបញ្ច្រាស់ទិសខ្ញុំ។ ខ្ញុំសួរទៅអ្នកភូមិហើយពួកគេក៏បានប្រាប់ថា អាដួង ដែលបានលេងពួនជាមួយពួកយើងកំពុងលង់ទឹក។ ក្រោយពីរាវរកអស់ជាច្រើនម៉ោង, គេរកឃើញសាកសពអាដួងបានស្លាប់បាត់បង់ជីវិតទៅហើយ។ អ្វីដែលចម្លែកបំផុតនោះ អាដួង ជាក្មេងដែលចេះហែលទឹកស្ទាត់ជំនាញ ហើយមិនមែនជាហេតុផលដ៏គួរឱ្យជឿនោះទេថាអាដួងស្លាប់ដោយលង់ទឹក។ ក្មេងមួយចំនួនបានប្រាប់ថា ឃើញអាដួងត្រូវបានស្រមោលខ្មៅអ្វីម្យ៉ាងអូសចូលទៅក្នុងទឹក ហើយពន្លិចរហូតទាល់តែវាដាច់ខ្យល់ស្លាប់ មុននឹងគេអាចរត់ទៅប្រាប់ចាស់ៗឱ្យមកជួយបាន។

ខ្ញុំមិនបានប្រាប់អ្នកណាទាំងអស់ពីស្រមោលខ្មៅដែលបានច្របាច់ករបស់ខ្ញុំនោះហើយខ្ញុំក៏មិនយល់ដែរថាស្រមោលនោះគឺជាអ្វី។ តែខ្ញុំមិនបានវង្វេងស្មារតី ឬក៏ព្រិលភ្នែកនោះទេ ស្រមោលខ្មៅដ៏គួរឱ្យខ្លាចនោះពិតជាបានច្របាច់កខ្ញុំនាយប់នោះមែន។ តាំងពីថ្ងៃដែលអាដូងស្លាប់ ចាស់ៗក្នុងភូមិក៏ហាមដាច់ខាតមិនឱ្យពួកយើងមកលេងនាពេលព្រះអាទិត្យលិចទៅហើយនោះទេ ព្រោះខ្លាចមានហេតុការណ៍អាក្រក់ណាមួយកើតឡើងទៀត។ 

ហើយនេះគឺជារឿងរ៉ាវមួយដែលទាក់ទងទៅនឹងជំនឿហាមលេងពួនពេលយប់។ តែត្រូវចាំថាទោះបីជាលោកអ្នកមិនប្រាកដថាវាអាចកើតឡើងពិត ឬយ៉ាងណាក៏ដោយ កុំលេងពួនក្នុងពេលយប់ឱ្យសោះ៕

from: https://tnaot.com/km/m/detail/article/9570880