ភ្ជង់ប្លន់ទាំងព្រឹក! ដោយជិះមកទម្លាក់ម្នាក់មុខផ្ទះលក់ចាប់ហួយ រីឯម្នាក់ទៀតជិះទៅបាត់
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានចោរមួយក្រុមមានគ្នាប្រមាណ២នាក់បានដឹកគ្នា ដោយជិះមកទម្លាក់ម្នាក់ចូលប្លន់ផ្ទះលក់ចាប់ហួយមួយកន្លែងយកបានម៉ូតូ១គ្រឿងរត់ទៅបាត់ដោយសុវត្ថិភាព ចំណែកម្នាក់ទៀតជិះបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រហែលជា៨ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅតាមដងផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ចោរមួយក្រុមបានចូលលួចម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1O-2042 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះទិន ភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅនៅភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ប្រភពពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូពីទិសខាងត្បូងទៅជើង (ចេញពីក្រុងស្វាយរៀង) លុះមកដល់ជិតកន្លែងកើតហេតុ ក៏បានទម្លាក់គ្នាវាម្នាក់នៅជិតកន្លែងកើតហេតុ ចំណែកបក្សពួកម្នាក់ទៀតដែលជិះម៉ូតូនោះបានបើកម៉ូតូទៅទិសខាងជើង។
ពលរដ្ឋបន្តថា រីឯជនសង្ស័យម្នាក់ដែលបក្សពួកទម្លាក់ចុះនោះ បានដើរចូលទៅលួចម៉ូតូដែលជនរងគ្រោះមិនបានដកសោម៉ូតូទុកនៅខាងមុខតូប ហើយជនសង្ស័យក៏ឡើងជិះម៉ូតូបម្រុងជិះចេញទៅ ខណៈនោះប្អូនស្រីជាម្ចាស់ផ្ទះឃើញក៏ស្ទុះចូលមកបម្រុងប្រវាយប្រតប់យកម៉ូតូវិញ តែត្រូវជនសង្ស័យដកកាំភ្លើងខ្លីផ្ជង់ ហើយស្រែកសំឡុតថា «កុំស្រែក»។ ជនរងគ្រោះឃើញកាំភ្លើងក៏លែងហ៊ានចូល ហើយចោរក៏ជិះម៉ូតូចេញទៅដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយស្វែងរកជនសង្ស័យចាប់មកផ្តន្ទាទោសផងដែរ៕
ដោយ៖ត្នោត