ជនរងគ្រោះ ២នាក់ បានរងរបួសធ្ងន់បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងបុកជាមួយនឹងរថយន្តដឹកទំនិញកង់ ១០មួយគ្រឿង នៅស្រុក Panat Nikhom កាលពីម្សិលមិញ។
ប៉ូលិស ក្រុមអ្នកសារព័ត៌មាន និងអ្នកសង្គ្រោះបន្ទាប់បានទៅដល់កន្លែងកើតហេតុ បានប្រទះឃើញរថយន្តដឹកទំនិញ១គ្រឿង រងការខូចខាត និងមានម្ចាស់ដែលជាអ្នកបើកបរឈ្មោះ Sayomphoom Lamtara អាយុ ៥០ ឆ្នាំ។
បុគ្គលិកជួយសង្គ្រោះបន្ទាន់ ក៏ប្រទះឃើញរថយន្តដឹកទំនិញកង់ ១០មួយគ្រឿងមានសភាពកំពុងបុកបង្គោលភ្លើង ដែលមានអ្នកបើកបរឈ្មោះ Pichitsak Kasiwan ។ ជនរងគ្រោះទាំងពីរនាក់កំពុងជាប់នៅក្នុងយានយន្តរៀងៗខ្លួន។ ក្រុមសង្គ្រោះបន្ទាន់ត្រូវបង្ខំចិត្តប្រើឧបករណ៍កាត់ទ្វារ ដើម្បីរំដោះជនរងគ្រោះដឹកយកទៅមន្ទីរពេទ្យ។
អ្នកស្រី Supranee Wanassabodee អាយុ ៤៧ឆ្នាំ ជាអ្នកលក់ឪឡឹកនៅលើដងផ្លូវក្បែរនោះនិងជាសាក្សីឃើញហេតុការណ៍ បានប្រាប់ប៉ូលិសថា រថយន្តដឹកទំនិញដែលបើកបរដោយលោក Sayomphoom បើកបរក្នុងល្បឿនលឿន និងបានជ្រុលចង្កូតទៅបុកឡានដឹកទំនិញកង់ ១០មួយគ្រឿង។ ក្រោយមករថយន្តដឹកទំនិញកង់ ១០នោះបានរេចង្កូតមកបុកតូបរបស់គាត់ទៀត។ ប៉ូលិសស្រុក Panat Nikhom កំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះដោយពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់ថាតើនរណាជាអ្នកមានកំហុសពិតប្រាកដនិងតាមដានការផ្តល់ចម្លើយរបស់សាក្សីនៅកន្លែងកើតហេតុផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news