រាជាធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្មីៗនេះបានឱ្យដឹងថា ការនាំចេញផលិតផលកៅស៊ូ ក៏មានការកើនឡើង ដោយទំហំនៃការនាំចេញបានកើនពី៤២ពាន់តោននៅឆ្នាំ២០១០ ដល់ ២៨២ពាន់តោននៅឆ្នាំ២០១៩ (កើនឡើង៧ដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅ) ផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តឱ្យដឹងថា ជាក់ស្តែង កម្ពុជាបាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានទំហំទឹកប្រាក់កើនពី ជិត ១ពាន់លានដុល្លារនៅឆ្នាំ២០១៣ ដល់១៥០០លានដុល្លារនៅឆ្នាំ២០១៩។
ការនាំចេញអង្ករផ្លូវការបានកើនពី ៦៣ ០០០ ដុល្លារឆ្នាំ២០១០ ដល់ ៤៤០ លានដុល្លារនៅឆ្នាំ២០១៩ (កើនពី ១០៥ ពាន់តោនឆ្នាំ២០១០ ដល់ជាង ៦២០ ពាន់តោននៅឆ្នាំ ២០១៩ គឺកើនឡើងជាង៦ ដង)។
លោក រដ្ឋមន្ត្រី បានបន្តថា ភាពប្រកួតប្រជែងនៅ ក្នុងវិស័យកសិកម្មកម្ពុជា ៖ នៅមានកម្លាំងពលកម្មកសិកម្មច្រើនបើប្រៀបប្រទេសដទៃ (កសិករមានប្រមាណជិត៤លាននាក់) តម្លៃពលកម្មក៏នៅទាបនៅឡើយ។ ម្យ៉ាងទៀត កម្ពុជាមានសក្តានុពលផលិតកម្មខ្ពស់ មានដីកសិកម្មគ្រប់គ្រាន់បម្រើឱ្យការដាំដុះដំណាំ ចិញ្ចឹមសត្វ និងវារីវប្បកម្ម។ សក្តានុពលទឹកស្រោចស្រពកសិកម្មដែលយកពីទន្លេមេគង្គ និងទន្លេសាបនៅមានច្រើននៅឡើយ។
កសិករអាចដឹងពីរបៀបដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ដែលអនុវត្តការងារនេះដោយមន្ត្រីជំនាញរបស់ក្រសួង ទាំងនៅថ្នាក់កណ្តាល និងរាជធានីខេត្តទាំង២៥ រួមនឹងការផ្សព្វផ្សាយជាឌីជីថល (MAFF Website, Face Book, Technology APP …)។
ដោយឡែក បច្ចុប្បន្ននេះ កសិករតម្រូវឱ្យរកឯកសារបច្ចេកទេសសំខាន់់ៗតាមរយៈប្រព័ន្ធឌីជីថល ដែលក្រសួងបានរៀបចំរួចហើយនេះ។ គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់ក្រសួងបានតម្រង់ទិសទៅជួយកសិករតាមរបៀបនេះ មានលក្ខណៈទំនើបកម្មកសិកម្ម និងបានស្នើឱ្យមានភ្ជាប់ផលិតកម្មកសិកម្មតាមរយៈកិច្ចសន្យា ដើម្បីដោះស្រាយបញ្ហាទីផ្សារ។ ការធ្វើកសិកម្មជាលក្ខណៈគ្រួសារតូចតាច មានថ្លៃដើមផលិតកម្មខ្ពស់ជាងកសិកម្មខ្នាតមធ្យមនិងធំ ហើយឈានដល់ការពិបាកប្រជែងទីផ្សារ។
ក្នុងន័យនេះ ក្រសួងបានជំរុញឱ្យមានការចងក្រងជាសហគមន៍កសិកម្ម ដើម្បីទទួលបានបច្ចេកទេសថ្មីៗ ឥណទានដែលមានការប្រាក់អនុគ្រោះសមរម្យ ងាយស្រួលក្នុងការលក់ផលិតផល និងមានអំណាចតថ្លៃខ្ពស់។ នេះគឺជាគោលនយោបាយ «បរិយាប័ន្ន – Inclusive Policy» ពោលគឺកសិករខ្នាតតូចនិងកសិករខ្នាតធំអាចប្រកបរបរកសិកម្មបានជាមួយគ្នាដោយងាយស្រួល។
លោកបន្ថែមថា ក្នុងន័យបង្កើនសេដ្ឋកិច្ចជាតិ ជាលក្ខណៈទ្រង់ទ្រាយធំ គឺយើងនឹងប្រើប្រាស់គោលនយោបាយ «ភាពជាដៃគូរវាង រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍/អ្នកផលិត – Public Private and Producer/Cooperative Partnership PPPP»។ បើគិតអំពីមូលដ្ឋាននាំចេញកសិកម្មវិញ គឺយើងពឹងអាស្រ័យខ្លាំងលើវិស័យឯកជន (ក្រុមហ៊ុនផលិត កែច្នៃ នាំចេញ) ដើម្បីជាឃ្នាស់ទាញកំណើនវិស័យកសិកម្ម ប៉ុន្តែត្រូវទាញយកអ្នកផលិតតូចតាចឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chains) តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract farming System)៕ដោយ៖ត្នោត