តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់ត្រូវកៀបជាប់ក្នុងរថយន្ត បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ ខណៈពេលដែលបុរសរងគ្រោះបានបើករថយន្តបត់ឆ្លងផ្លូវបំរុងចូលផ្ទះ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តធុនយីឌុបមួយគ្រឿងឈប់ស្ងៀមលើទ្រូងផ្លូវដោយមិនមានដាក់ភ្លើងសញ្ញាឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ ត្រង់ចំណុចរូបសំណាកឆ្នាំងមាស ចន្លោះគីឡូម៉ែត្រលេខ៨៦ និង៨៧ ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានរថយន្តម៉ាកម៉ូនីង ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2b 3546 ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ បាននាំគ្នាជួយទាញយកជនរងគ្រោះពីក្នុងរថយន្ត រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តទាំង២គ្រឿងដែលខូចខាតយ៉ាងដំណំ ត្រូវបានអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ដោយឡែកអ្នកបើកបររថយន្តបង្ក ព្រោះឈប់ចំទ្រូងផ្លូវបានគេចខ្លួនបាត់ ៕ដោយ៖ត្នោត