តំបន់មួយចំនួននៅរាជធានី ដែលកំពុងរងការជន់លិច ត្រូវបានអាជ្ញាធរាជធានី ចាត់វិធានការប្រើទុយោបូមទឹក ដើម្បីរំដោះទឹកចេញពីតំបន់ដែលកំពុងជនលិច។
ភ្លៀងធ្លាក់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យតំបន់មួយចំនួន នៅរាជធានីភ្នំពេញ រងផលប៉ះពាល់ ខណៈពេលមានទឹកលិចផ្លូវ និងទឹកលិចចូលផ្ទះ បណ្តាលឱ្យប្រជាពលរដ្ឋពិបាករស់នៅ និងធ្វើដំណើរ ព្រមទាំងនាំឱ្យខូចសោភ័ណភាពទីក្រុងផងដែរ។
ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចផ្លូវជាច្រើនកន្លែង និងប៉ះពាល់ដល់ លំនៅឋានប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរប្រឡាយបង្ហូរទឹកស្អុយបឹងទំពុន ចំណុចស្ពានទី៣ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ព្រំប្រទល់ជាមួយសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានតំបន់ផ្សេងៗទៀត ក៏បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដូចគ្នាដែរ។
ជុំវិញរឿងនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង ថា បរិមាណទឹកភ្លៀង កាលពីល្ងាចថ្ងៃទី៦ ខែសីហា មានកម្រិតខ្ពស់ ដែលធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្រូវលិចលង់ ប៉ុន្តែបានស្រកទៅវិញអស់ភ្លាម នៅសល់តែតំបន់មួយចំនួនតូច ដែលមិនទាន់ស្រកភ្លាម ដោយសារភ្លៀងលើសកម្រិត ។
លោកបន្តថា ជាក់ស្ដែងនៅផ្លូវមួយចំនួន មានសភាពល្អប្រសើរ ដូចជាផ្លូវលេខ២០០៤ តំបន់ព្រលានយន្តហោះ ទោះបីភ្លៀងខ្លាំងក៏ស្រកបានលឿនដែរ ។ លោកបានបន្ថែមថា ស្ថានីយថ្មីដែលបានដាក់ឲ្យដំណើរការនេះ វានឹងជួយបញ្ចៀសការលិចលង់ នៅពេលភ្លៀងខ្លាំងលើកក្រោយៗទៀត ។
ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការជន់លិចមានចំនួន២ភូមិ គឺភូមិសន្សំកុសលទី១ និងសន្សំកុសលទី២ ប៉ុន្តែមិនមែនមានន័យថា ត្រូវទឹកជន់លិចទូទាំងភូមិទាំង២ខាងលើនោះទេ ពោលគឺលិចលង់តែអ្នករស់នៅជាប់មាត់ប្រឡាយ និងនៅក្បែរនោះប៉ុណ្ណោះ។
សម្រាប់តំបន់ដែលនៅបន្តការលិចផ្លូវ អាជ្ញាធររាជធានី បានចាត់វិធានការដាក់ទុយោបូមទឹករំដោះចេញជាបណ្តើៗហើយ៕ ដោយ៖ត្នោត