Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿង ព្រាយខ្ពស់

យាយតាខ្ញុំរស់នៅជប៉ុន។ រាល់តែឆ្នាំទៅហើយដែលប៉ាម៉ាក់តែងនាំខ្ញុំទៅលេងពួកគាត់។ ពួកគាត់រស់ក្នុងភូមិតូចមួយក្បែរជើងភ្នំ ហើយមុខផ្ទះនីមួយៗមានខ្ទមធំមួយ។ ខ្ញុំចូលចិត្តលេងនៅលើខ្ទមនោះណាស់។ រាល់ពេលខ្ញុំទៅដល់ លោកតា និងលោកយាយតែងស្វាគមន៍យើងដោយត្រដាងដៃទាំងពីរឱបខ្ញុំ។

ពេលចុងក្រោយបំផុតដែលខ្ញុំទៅលេងពួកគាត់គឺកាលពីខ្ញុំអាយុ៨ឆ្នាំ។ មានរឿងមួយកើតឡើងមកលើខ្ញុំ កាលនោះ។

ដូចរាល់ដង ប៉ាម៉ាក់ខ្ញុំកក់សំបុត្រយន្តហោះ ហើយដល់ពេលចេញដំនើរ ប៉ាបើកឡាននាំយើងទៅព្រលាន។ លោកយាយលោកតាស្រលាញ់ខ្ញុំណាស់ រាល់ពេលទៅដល់គាត់បានធ្វើនំឆ្ងាញ់ៗត្រៀមសម្រាប់ចៅប្រុសម្នាក់នេះ។ ប៉ាម៉ាក់ខ្ញុំចូលចិត្តដើរលេងតាមរមណីយដ្ឋាននានានៃប្រទេសជប៉ុន ហើយប៉ុន្មានថ្ងៃក្រោយយើងទៅដល់ ប៉ានិងម៉ាក់បានចេញឡានទៅលេងខេត្តផ្សេងៗ ទុកឱ្យខ្ញុំនៅជាមួយលោកតាលោកយាយ។

រសៀលមួយ ខ្ញុំកំពុងលេងតែម្នាក់ឯងលើខ្ទមនៃវាលស្មៅ។ យាយ និងតាកំពុងសម្រាន្តនៅក្នុងផ្ទះ។ ដោយសារវាជារដូវក្ដៅ ខ្ញុំបានដេកលេងលើស្មៅដើម្បីកំសាន្តអារម្មណ៍។ ខ្ញុំសម្លឹងទៅពពកដោយកែវភ្នែកស្រទន់ធ្វើឱ្យអារម្មណ៍កាន់តែរីករាយស្រស់ស្រាយជាងកាលនៅទីក្រុង។ ពេលប្រុងនឹងងើបចេញពីទីនេះ ខ្ញុំបានឮសំលេងមួយ “ភូ…ភូ…ភូ…ភូ…ភូ…”

ខ្ញុំមិនដឹងថាវាជាសំលេងស្អីទេ ហើយក៏ពិបាកនឹងដឹងដែរថាវាមកពីកន្លែងណា។ សំលេងនោះដូចជានរណាម្នាក់ធ្វើវាចេញមកដើម្បីបន្លាចខ្ញុំ ដូចជាធ្វើសំលេង “ភូ…ភូ…ភូ…” ម្ដងហើយម្ដងទៀត ជាសំលេងមនុស្សប្រុសឡើងគ្រលរ។

ខ្ញុំមើលជុំវិញខ្លួន ព្យាយាមរកប្រភពសំលេង ស្រាប់តែភ្នែកទាំងគូរក្រលេកប៉ះអ្វីម៉្យាង។ វាជាអ្វីម្យ៉ាងកម្ពស់ខ្ពស់ប្រហែលនឹងចុងដូង នៅឈរក្បែរខ្ទម ក្រៅរបងខ្ពស់ដែលព័ទ្ធដោយវល្លិដុះស៊ុបទ្រុប។ សំលេងចេញពីកន្លែងនោះឯង។ ខ្ញុំឃើញមួកចាស់នៅខ្ពស់ពីក្រោយព្រៃស៊ុបទ្រុបនោះ។

“ភូ…ភូ…ភូ…ភូ…ភូ…ភូ…”

មួកចាប់ផ្ដើមរង្គើ មើលទៅដូចជាមាននរណាពាក់វាលើក្បាល។ មួកឈប់រង្គើ ហើយនៅនឹងមួយកន្លែង ហើយខ្ញុំឃើញមុខរបស់វាតាមចន្លោះប្រហោងរបង។ តែ, របងនោះកម្ពស់ជិត៦ម៉ែត្រឯណោះ…មនុស្សឯណាក៏ខ្ពស់ម៉្លេះ?

ខ្ញុំព្រឺសម្បុរនឹងកម្ពស់ដ៏ខ្ពស់របស់ស្ត្រីនោះ។ ខ្ញុំគិតថាប្រហែលនាងពាក់ជើងឬស្សីទេដឹងបានជាខ្ពស់ស្អីយ៉ាងនេះ។ មួយសន្ទុះក្រោយ នាងដើរចេញពីទីនោះ ហើយសំលេងចំលែកនោះបានបាត់ទៅ។ ដោយឆ្ងល់ខ្លាំង ខ្ញុំងើបពីស្មៅ ហើយដើរយ៉ាងលឿនទៅក្នុងផ្ទះវិញ។ លោកតា និងលោកយាយកំពុងអង្គុយផឹកតែក្នុងផ្ទះបាយ។ ខ្ញុំអង្គុយលើកៅអីមួយហើយមួយសន្ទុះក្រោយ ខ្ញុំប្រាប់ពួកគាត់ពីអ្វីដែលបានជួបអំបាញ់ម៉ិញ។ ដំបូង ពួកគាត់មិនសូវយកចិត្តទុកដាក់ទេ តែពេលខ្ញុំនិយាយពីសំលេងនោះ

“ភូ…ភូ…ភូ…ភូ…ភូ…ភូ…”

គ្រាន់តែនិយាយចប់ភ្លាម ពួកគាត់មានទឹកមុខតក់ស្លុតជាខ្លាំង។ លោកយាយបើកភ្នែកធំៗ ហើយលើកដៃខ្ទប់មាត់គាត់។ មុខលោកតាឡើងស្លេក ហើយគាត់ចាប់ដៃខ្ញុំ។

«រឿងនេះវាសំខាន់ណាស់» គាត់និយាយដោយសំលេងព្រួយបារម្ភ។ «ឥឡូវចៅត្រូវប្រាប់តាឱ្យច្បាស់មកមើល…ម្នាក់នោះខ្ពស់ប៉ុណ្ណា?»

«ខ្ពស់ប៉ុនរបងសួនច្បារ» ខ្ញុំឆ្លើយទាំងអារម្មណ៍ចាប់ផ្ដើមព្រឺ។

លោកតានៅតែបន្តសួរខ្ញុំយ៉ាងយកចិត្តទុកដាក់បំផុត…«ស្ត្រីនោះឈរនៅឯណា?ហើយឃើញនាងពីអង្កាល់?ចៅបានធ្វើអីខ្លះ?នាងមានឃើញចៅទេ?»

ខ្ញុំព្យាយាមឆ្លើយសំនួររបស់គាត់ទាំងអស់ តាមអ្វីដែលខ្ញុំចាំ។ គាត់ស្រាប់តែរត់ទៅបន្ទប់ទទួលភ្ញៀវហើយហៅទូរស័ព្ទ។ ខ្ញុំមិនអាចឮថាគាត់កំពុងនិយាយពីអ្វីខ្លះទេ។ ខ្ញុំមើលទៅមុខដ៏ភិតភ័យរបស់លោកយាយ។

លោកតាដើរមកវិញហើយនិយាយទៅកាន់លោកយាយ។

«ខ្ញុំត្រូវទៅក្រៅមួយស្របក់,» គាត់ប្រាប់។ «យាយវានៅមើលចៅទីនេះហើយ ហើយកុំប្រហែសភ្នែកពីចៅសូម្បីមួយវិនាទី»

«កើតអីទៅលោកតា?» ខ្ញុំស្រែកយំ។

គាត់មើលមកខ្ញុំក្នុងទឹកមុខក្រៀមក្រំហើយតប «ចៅត្រូវហាត់ធីស៊ូកះសានម៉ាចាប់អារម្មណ៍ហើយ»

និយាយចប់ គាត់ប្រញាប់ចេញទៅក្រៅ ឡើងលើឡានគាត់ ហើយបើកចេញទៅ។

ខ្ញុំងាកទៅលោកយាយហើយសួរដោយមិនយល់ «លោកយាយ! ហាត់ធីស៊ូកះសានម៉ាជានរណា?»

«កុំព្រួយអី» គាត់តបទាំងសំលេងញ័រៗ «តាចៅនឹងជួយចៅ គ្មានអីត្រូវខ្លាចទេចៅសម្លាញ់»។

ខណៈដែលយើងកំពុងអង្គុយរង់ចាំលោកតាក្នុងផ្ទះបាយដោយអារម្មណ៍មិនស្រួល លោកយាយបានពន្យល់ខ្ញុំពីអ្វីដែលបានកើតឡើង។ គាត់ប្រាប់ថាមានរបស់គ្រោះថ្នាក់ម្យ៉ាងនៅម្ដុំនេះ។ គេហៅនាងថា ហាត់ធីស៊ូកះសានម៉ា ព្រោះនាងមានកំពោះខ្ពស់។ ក្នុងភាសាជប៉ុន ហាត់ធីស៊ូកះសានម៉ា (Hachishakusama) មានន័យថាកំពស់៨ម៉ែត្រ។

ស្ត្រីនោះចូលចិត្តដើរលបៗហើយបញ្ចេញសំលេង “ភូ…ភូ…ភូ…ភូ…» ជាសំលេងប្រុសគ្រល។ រូបរាងរបស់វាមិនសូវជាក់លាក់ទេ អ្នកខ្លះដែលឃើញគេថាអីុចេះ អ្នកខ្លះថាអីុចុះ។ អ្នកខ្លះថានាងជាស្ត្រីចំណាស់ពាក់រ៉ូបចាស់ អ្នកខ្លះថាជាស្ត្រីម្នាក់ពាក់រ៉ូបសវែងអូសដី។ អ្វីដែលនិយាយមិនខុសគ្នានោះគឺ សំលេង និងកម្ពស់របស់វា។

កាលពីយូរឆ្នាំមុន វាត្រូវលោកសង្ឃម្នាក់ឃើញ ហើយទ្រង់បានព័ទ្ធខ្សែរសីម៉ាហ៊ុវាទុកក្នុងប្រាសាទដោយអន្ទាក់នៃបដិមារតូចមួយឈ្មោះថា ជីស៊ូស ដែលព័ទ្ធពីទិសជើងត្បូង លិច និងកើត។ តាំងពីពេលនោះមក វាមិនអាចចេញពីសីម៉ានោះទេ។ ប្រហែលជាវារកវិធីគេចខ្លួនរួចពីសីម៉ាហើយទើបចៅឃើញវា។

ពេលចុងក្រោយដែលវាបង្ហាញខ្លួនគឺកាល១៥ឆ្នាំមុន។ លោកយាយថាអ្នកណាដែលបានឃើញព្រាយខ្ពស់នោះនឹងស្លាប់នៅប៉ុន្មានថ្ងៃបន្ទាប់។

ស្ដាប់ទៅដូចឆ្គួតចឹង។ ខ្ញុំមិនច្បាស់ថាគួរជឿឬអត់ទេ។

ពេលលោកតាត្រលប់មកវិញ គាត់បាននាំស្ត្រីចំនាស់ម្នាក់មកជាមួយ។ ស្ត្រីនោះប្រាប់ថាគាត់ឈ្មោះ ខេសាន ហើយគាត់ហុចស្បែកមួយកំនាត់តូចដោយស្រដី «កាន់ក្ដាប់វាឱ្យជាប់ទៅ»។ បន្ទាប់មក, គាត់ និងលោកតាទៅជាន់លើហើយធ្វើអ្វីម៉្យាង។ ខ្ញុំនៅតែពីរនាក់លោកយាយក្នុងផ្ទះបាយទៀតហើយ។

ខ្ញុំចង់ទៅបន្ទប់ទឹក។ លោកយាយដើរតាមខ្ញុំទៅបន្ទប់ទឹក ហើយមិនឱ្យខ្ញុំបិទទ្វារទេ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។

មួយសន្ទុះក្រោយ លោកតា និងខេសាននាំខ្ញុំឱ្យឡើងជាន់លើហើយចូលក្នុងបន្ទប់គេងមួយ។ បង្អួចបន្ទប់ត្រូវបិទដោយក្រដាសយ័ន្ត និងអំបោះសីមារគាថ៌ាជាច្រើន។ មានអំបិលមួយចានគ្រលោងនៅគ្រប់ជ្រុងទាំងបួននៃបន្ទប់ ហើយនិងរូបពុទ្ធបដិមារមួយអង្គដាក់កណ្ដាលបន្ទប់ពីលើប្រអប់ឈើមួយ។ ហើយមានកន្ថោរពណ៌ខៀវមួយទៀត។

«កន្ថោរនោះយកធ្វីអីដែរ?» ខ្ញុំសួរ។

«សម្រាប់ឱ្យចៅជុះអាចម៌ ឬនោម!» លោកយាយតប។

ខេសានឱ្យខ្ញុំអង្គុយលើគ្រែហើយប្រាប់, «ព្រះអាទិត្យជិតលិចហើយ ចឹងស្ដាប់ខ្ញុំឱ្យច្បាស់។ ឯងត្រូវនៅក្នុងបន្ទប់នេះរហូតដល់ព្រឹកស្អែក។ ឯងមិនត្រូវចេញពីបន្ទប់នេះមុនម៉ោង៧ព្រឹកស្អែកជាដាច់ខាត។ លោកតាលោកយាយឯងនឹងមិននិយាយហៅឯងទេដរាបមិនទាន់ព្រឹក។ ចាំថា ទោះជាមានរឿងអីក៏ដោយគឺហាមចេញពីបន្ទប់ជាដាច់ខាត។ ខ្ញុំនឹងទូរស័ព្ទទៅឪពុកម្ដាយឯងឱ្យដឹងរឿងនេះ។»

គាត់និយាយដោយសំលេងម៉ឺងម៉ាត់ដែលអាចទុកចិត្តថាគាត់មិនកំពុងលេងសើចទេ។

«ចៅត្រូវធ្វើតាមអ្វីដែលខេសានប្រាប់» លោកតាផ្ដាំ «ហើយត្រូវក្ដាប់កម្ទេចស្បែកមួយដុំដែលគាត់បានឱ្យនោះឱ្យជាប់កុំលែងឮទេ? ហើយបើមានរឿងអីកើតឡើង ចៅត្រូវនៅក្បែរ និងសំពះពុទ្ធបដិមារនេះទៅ។ ហើយត្រូវចាក់គន្លឹះទ្វារពេលយើងចេញពីបន្ទប់នេះ។»

ពួកគេចេញទៅជាន់ក្រោមអស់ ហើយបន្ទាប់ពីនោះ ខ្ញុំប្រញាប់បិទទ្វារបន្ទប់ហើយដាក់គន្លឹះ។ ខ្ញុំបើកទូរទស្សន៍ ហើយព្យាយាមមើល តែខ្ញុំមិនអាចបាត់អារម្ភភ័យបានទេ ខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងណាស់។ លោកយាយទុកនំ និងបាយឆាខ្លះៗឱ្យខ្ញុំតែខ្ញុំហូបមិនចូលទេ។ ខ្ញុំមានអារម្មណ៍ដូចត្រូវគេឃុំក្នុងគុក ហើយខ្លាចជាខ្លាំង។ ខ្ញុំឡើងដេកលើគ្រែហើយរង់ចាំ តែបន្តិចក្រោយមកខ្ញុំដេកលក់។

ពេលខ្ញុំភ្ញាក់ឡើង វាទើបតែម៉ោង១យប់។ រំពេជនោះ ខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងគោះបង្អួច។

“ទឹប ទឹប ទឹប ទឹប ទឹប…”

ខ្ញុំភ័យស្ទើរតែគាំងបេះដូង ហើយលោតញាប់រន្ថើន។ ខ្ញុំព្យាយាមធ្វើចិត្តកុំភ័យដោយគិតថាវាជាខ្យល់បោកបក់ ឬមែកឈើប៉ះបង្អួច។ ខ្ញុំបើកសំលេងទូរទស្សន៍ខ្លាំងៗដើម្បីកុំឱ្យឮសំលេងនោះ ហើយភ្លាមនោះសំលេងនោះក៏បាត់ ខ្ញុំក៏បិទទូរទស្សន៍វិញ។

គឺលោកតាហៅខ្ញុំពីក្រៅបន្ទប់។

«ចៅយ៉ាងម៉េចហើយ?» គាត់សួរ «បើចៅខ្លាច បើកទ្វារទៅចាំតាដេកកំដរ»

ខ្ញុំញញឹមហើយរត់ទៅកាន់ទ្វារ តែ, ខ្ញុំឈប់នឹងមួយកន្លែង។ ខ្លួនខ្ញុំញ័រទទ្រើក។ វាសំលេងដូចលោកតា តែបើស្ដាប់ឱ្យច្បាស់ វាមិនដូចទេ។ ខ្ញុំមិនដឹងថាវាជានរណាទេ តែខ្ញុំដឹងថាវាមិនមែនជាលោកតាទេ…

«ចៅកំពុងធ្វើអីហ្នឹង?» គាត់សួរ «ចៅអាចបើកទ្វារបានហើយ»

ខ្ញុំរន្ធត់ស្លុតអស់ស្មារតី។ អំបិលក្នុងចានចាប់ផ្ដើមប្រែពណ៌ទៅជាខ្មៅ។

ខ្ញុំថតចេញពីទ្វារ។ រាងកាយខ្ញុំញ័រទទ្រើកដោយភាពតក់ស្លុត។ ខ្ញុំលត់ជង្គង់ពីមុខពុទ្ធបដិមារហើយក្ដាប់ដុំស្បែកក្នុងដៃយ៉ាងណែន។ ខ្ញុំចាប់ផ្ដើមបួងសួង។

«ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមសង្គ្រោះខ្ញុំពីព្រាយខ្ពស់ហាត់ធីស៊ូកះសានម៉ាផង» ខ្ញុំសំពះបួងសួង។

បន្ទាប់មក ខ្ញុំឮសំលេងពីក្រៅទ្វារថា :

“ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…”

សំលេងគោះបង្អួចបន្លឺរម្ដងទៀត។ ខ្ញុំភ័យស្ទើរសន្លប់ទៅហើយ ឱបបដិមារផង បួងសួងផងនាកណ្ដាលរាត្រីដ៏សែនស្ងាត់។ ខ្ញុំដឹងថាវាមិនព្រមទៅណាទេ តែមិនយូរប៉ុន្មានពេលព្រឹកបានមកដល់។ អំបិលក្នុងចានទាំងបួនប្រែពណ៌ទៅជាខ្មៅខ្លាំង។ ខ្ញុំមើលម៉ោងក្នុងនាឡិការ។ វាគឺម៉ោង៧:៣០នាទី ដូច្នេះខ្ញុំក៏បើកទ្វារ។ ខ្ញុំឃើញលោកយាយ និងខេសានឈររង់ចាំខ្ញុំនៅក្រៅបន្ទប់។ ពេលលោកយាយឃើញខ្ញុំ ទឹកភ្នែកគាត់ក៏ហូរមកដោយរំភើប។

«អូ! យាយសប្បាយចិត្តណាស់ដែលចៅនៅរស់ យាយស្មានតែមិនបានឱបចៅរហូតហើយ» គាត់និយាយ។

ខ្ញុំដើរចុះទៅក្រោមហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញប៉ា និងម៉ាក់ខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះបាយ។ លោកតាមកជិតខ្ញុំហើយស្រដី

«ឆាប់ឡើង ! ទៅត្រូវប្រញ៉ាប់ទៅឥឡូវនេះ។»

យើងចុះហើយចេញទៅតាមទ្វារមុខ។ នៅទីនោះមានរថយន្តដឹកអ្នកដំនើរធំមួយកំពុងរង់ចាំពួកយើង។ បុរសបួនប្រាំនាក់មកពីភូមិក្បែរនេះឈរជុំវិញរថយន្ត ចង្អុលមកខ្ញុំហើយខ្សឹបប្រាប់គ្នាគាត់ «នោះគឺក្មេងនោះហើយ»។

រថយន្តនោះមាន៩កៅអី ហើយពួកគេឱ្យខ្ញុំអង្គុយនៅកណ្ដាល ដែលព័ទ្ធជុំវិញដោយបុរសទាំងនោះ។

ខេសានជាអ្នកបើកឡាន។

បុរសនៅឆ្វេងដៃខ្ញុំមើលមកកាន់ខ្ញុំហើយប្រាប់ «ក្មេងតូច ឯងកំពុងតែមានគ្រោះថ្នាក់។ ខ្ញុំដឹងថាឯងកំពុងភ័យណាស់។ ឱនក្បាលចុះហើយបិទភ្នែកទៅ។ យើងទាំងអស់គ្នាមិនអាចមើលវាឃើញទេ តែឯងមើលឃើញ។ កុំបើកភ្នែករបស់ឯងរហូតដល់យើងនាំឯងចេញពីទីនេះទៅកន្លែងសុវត្ថិភាព។»

លោកតាបើកឡានពីមុខឡាននេះ ហើយលោកប៉ាបើកតាមពីក្រោយ។ ពេលអ្នកទាំងអស់គ្នារួចរាល់ ក្បួនដង្ហែររថយន្តនេះចាប់ផ្ដើមល្បឿនទៅមុខ។ យើងបរក្នុងល្បឿនយឺតបំផុត ប្រហែល២០គីឡូម៉ែត្រក្នុងមួយម៉ោង ឬក៏យឺតជាងនេះផងក៏មិនដឹង។ មួយសន្ទុះក្រោយ ខេសានងាកមកប្រាប់ពួកយើងថា «ដល់កន្លែងគ្រោះថ្នាក់បំផុតហើយ» បន្ទាប់មកគាត់ចាប់ផ្ដើមសូត្រធម៌ធ្វើមាត់ជីបអូចៗ។

ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមឮសំលេងនោះ។

តែបន្ទាប់មក វាឱនមុខមកជិញកញ្ចក់បង្អួចរថយន្ត។

«ទេ!!!!» ខ្ញុំស្រែកដោយរន្ធត់។

បុរសនៅក្បែរខ្ញុំស្រែកថា «បិទភ្នែកទាំងពីររបស់ឯងទៅ!!!!!»

មិនគិតច្រើនខ្ញុំប្រឹងបិទភ្នែកហើយក្ដាប់ដុំស្បែកក្នុងដៃយ៉ាងណែន។ ពេលនោះសំលេងគោះកញ្ចក់រថយន្តក៏ចាប់ផ្ដើមឮ។

ទឹប, ទឹប, ទឹប, ទឹប, ទឹប, ទឹប…

សំលេងវាកាន់តែឮខ្លាំងឡើងៗ។

“ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…”

សំលេងគោះកញ្ចក់រថយន្តឮជុំវិញរថយន្ត។ បុរសក្នុងរថយន្តនេះទាំងអស់កំពុងសូត្រធម៌ខ្សឹបៗ។ ពួកគេមើលព្រាយខ្ពស់មិនឃើញទេ ពួកគេស្ដាប់សំលេងវាមិនឮទេ តែពួកគេស្ដាប់ឮសំលេងគោះកញ្ចក់បង្អួច។ ខេសានចាប់ផ្ដើមសូត្រធម៌ឮទៅៗរហូតដល់ស្ដាប់ទៅដូចស្រែកជំទាលទៅហើយ។ យើងកំពុងស្ថិតក្នុងស្ថានការណ៍តានតឹងហើយ។

មួយសន្ទុះក្រោយ សំលេងគោះកញ្ចក់ និងសំលេងព្រាយនោះក៏បាត់ទៅ។ ខេសានងាកមកមើលយើងហើយនិយាយ «ខ្ញុំគិតថាយើងមានសុវត្ថិភាពហើយ»។ បុរសក្នុងរថយន្តទាំងអស់ដកដង្ហើមធំដោយធូរទ្រូង។ រថយន្តបរទៅកៀនថ្នល់ហើយបុរសទាំងនោះចុះចេញទៅក្រៅ។ ពួកគេនាំខ្ញុំឱ្យឡើងទៅលើឡានលោកប៉ា។ ម៉ាក់ឱបខ្ញុំទាំងទឹកភ្នែកហូរជោគថ្ពាល់។

លោកតា និងលោកប៉ាសំពះអរគុណបុរសទាំងនោះហើយពួកគេត្រលប់ទៅផ្ទះវិញរៀងៗខ្លួន។ ខេសានអើតតាមកញ្ចក់បង្អួចហើយសុំមើលដុំស្បែកគាថាក្នុងដៃខ្ញុំ។ ពេលខ្ញុំលាដៃមើល ដុំស្បែកនោះប្រែពណ៌ទៅជាខ្មៅ។

«ខ្ញុំគិតថាឯងអស់អីហើយ» គាត់និយាយ «តែដើម្បីឱ្យកាន់តែសុវត្ថិភាព បន្តកាន់វាទៀតចុះ» គាត់ហុចមួយដុំថ្មីទៀតមកឱ្យខ្ញុំ។

យើងតដំនើរទៅព្រលានយន្តហោះ ដោយលោកតាជាអ្នកជូនដំនើរ។ ពេលយន្តហោះចាប់ចេញដំនើរ ប៉ាម៉ាក់ដកដង្ហើមធំដោយធូរចិត្ត។ ប៉ាប្រាប់ថាគាត់ធ្លាប់ដឹងខ្លះៗដែរពីព្រាយខ្ពស់។ កាលពីយូរឆ្នាំមុន មិត្តភក្តិគាត់ម្នាក់ត្រូវព្រាយខ្ពស់ចាប់អារម្មណ៍។ ក្មេងប្រុសនោះបានបាត់ខ្លួនមកដល់សព្វថ្ងៃ។

ប៉ាថាមានមនុស្សច្រើនទៀតដែលត្រូវវាចាប់អារម្មណ៍។ ពួកគេគេចខ្លួនពីប្រទេសជប៉ុនទាំងព្រលឹងចុងសក់។ ពួកគេគ្មានថ្ងៃបានមកលេងស្រុកកំនើតពួកគេជារៀងរហូត។

វាតែងតែជ្រើសរើសក្មេងៗជាជនរងគ្រោះរបស់វា។ គេថាដោយសារតែក្មេងៗវាមានឈាមពីខាងឪពុកផង ខាងម្ដាយផង ហើយខាងដូនតាផង។ ក្មេងៗងាយបោកប្រាស់បានជាងមនុស្សធំ។

ប៉ាថាបុរសក្នុងឡានទាំងអស់សុទ្ធតែជាប់សាច់ឈាមជាមួយខ្ញុំ ដូច្នេះទើបអង្គុយជុំវិញខ្ញុំ ហើយលោកប៉ា និងលោកតាបរពីមុខ និងពីក្រោយ ព្រោះដើម្បីបន្លំព្រាយហាត់ធីសូកេះសានម៉ានោះឱ្យវាវង្វេង។ ត្រូវប្រើពេលវេលាយូរដែរដើម្បីទាក់ទងអ្នករាល់គ្នា និងរៀបពិធី ដូច្នេះហើយទើបគេឱ្យខ្ញុំនៅក្នុងបន្ទប់នោះពេញមួយយប់។

ប៉ាប្រាប់ថា បដិម៉ាដែលឃុំព្រលឹងព្រាយខ្ពស់នោះត្រូវបែកបាក់ ហើយព្រាយនោះអាចចេញមកក្រៅបាន។

វាធ្វើឱ្យខ្ញុំរន្ធត់ចិត្តណាស់។ ខ្ញុំរីករាយណាស់ដែលបានត្រលប់មកផ្ទះវិញ។

រឿងរ៉ាវទាំងនេះកើតឡើងមកខ្ញុំជាង១០ឆ្នាំហើយ។ ហើយតាំងពីពេលនោះមកខ្ញុំក៏មិនដែលទៅលេងលោកតាលោកយាយទៀតដែរ។ ខ្ញុំមិនហ៊ានជាន់ទឹកដីជប៉ុនទៀតទេ គឺរាងចាល។ តែខ្ញុំតែងទាក់ទងនិយាយទូរស័ព្ទទៅពួកគាត់ជានិច្ច។

ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជារឿងព្រេងបន្លាចក្មេង ឬពួកគេគ្រាន់តែលេងសើចនឹងខ្ញុំប៉ុណ្ណោះ កាលនោះ។ តែពេលខ្លះ, ខ្ញុំមិនប្រាកដដែរ។

លោកតាស្លាប់ពីរឆ្នាំមកហើយ។ ពេលគាត់ឈឺធ្ងន់ គាត់ហាមខ្ញុំមិនឱ្យមកមើលគាត់ទេ ហើយផ្ដាំថាហាមមកបុណ្យសពគាត់ជាដាច់ខាត។ ខ្ញុំតូចចិត្តណាស់។

ប៉ុន្មានថ្ងៃមុន លោកយាយទូរស័ព្ទមកខ្ញុំ។ គាត់ប្រាប់ថាគាត់មានជំងឺធ្ងន់ធ្ងរហើយចង់ជួបខ្ញុំជាលើកចុងក្រោយមុនពេលគាត់ស្លាប់។

«លោកយាយប្រាកដហើយឬ?» ខ្ញុំសួរបញ្ជាក់។ «វាពិតជាសុវត្ថិភាពមែន?»

«វាកន្លងទៅ១០ឆ្នាំហើយ» គាត់ប្រាប់« វាយូរឆ្នាំមកហើយ ចៅឯងធំហើយ គ្មានអ្វីត្រូវខ្លាចទៀតទេ»

«តែ…តែ…ចុះព្រាយខ្ពស់ហាត់ធីសូកេះសាន់ម៉ា?» ខ្ញុំសួរ។ ខ្ញុំមានអារម្មណ៍ថាសំលេងលោកយាយដូចប្លែកជាងរាល់ដង។

មួយសន្ទុះនោះទូរស័ព្ទស្ងាត់ឈឹង តែក្រោយមក ខ្ញុំឮសំលេងម៉្យាង

“ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…ភូ…”៕

ចប់

from: https://tnaot.com/km/m/detail/article/9565045