វាគឺជាភាពឆ្កួតឡប់ អាស្រូវ និងគួរឱ្យអាម៉ាស់ខ្លាំងណាស់ដែលបានបង្រៀនមេរៀនជីវិតជាច្រើនដល់ខ្ញុំ។
ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2019 ដែលហេតុការណ៍ដ៏អាក្រក់ និងសោកសៅនេះបានកើតឡើង។
ក្រោយពីធ្វើការនឿយហត់ និងជួយលក់ដូរឥវ៉ាន់ជាច្រើនជាមួយម៉ាក់នៅទីរួមខេត្តកំពង់ចាមរួចមក ខ្ញុំក៏សុំម៉ាក់មកលម្ហែកាយនៅក្រុងភ្នំពេញ ដោយយកលេសដ៏សមរម្យថា មកមើលផ្ទះដែលយើងកំពុងបង់រំលួសអស់ជាច្រើនខែកន្លងទៅហើយ។ ម៉ាក់យល់ព្រមឥតរួញរា ព្រោះជាញឹកញាប់គាត់តែងតែទទូចឱ្យខ្ញុំមកនៅផ្ទះថ្មីមិនទាន់ដាច់នេះ។ ខ្ញុំអាយុ 19 ឆ្នាំហើយ ល្មមដឹងខុសដឹងត្រូវដែលធ្វើឱ្យម៉ាក់ទុកចិត្តបាន តែការពិតខ្ញុំមិនគួរជាទីទុកចិត្តប៉ុន្មានទេ។ ពិសេសគឺរឿងស្រីញី។
មកដល់ភ្នំពេញ គឺពេលរសៀលទៅហើយ ខ្ញុំគេងសម្រាកនៅផ្ទះបង់រំលួសរបស់ខ្ញុំយ៉ាងហត់នឿយ។ មាននារីម្នាក់នេះដែលខ្ញុំបានទាក់ទងតាម Messenger អស់ពេលជាង 3 ថ្ងៃទៅហើយ ដែលនាងជានារីលក់ខ្លួន។ តម្លៃខ្លួនរបស់នាង នាងប្រាប់ថា ម្ដង 50$ តែដោយសារខ្ញុំសុំតថ្លៃ និងដោយសារនាងយល់ថាខ្ញុំនៅក្មេងផងនោះទើបព្រមព្រៀងក្នុងតម្លៃតែ $30 ប៉ុណ្ណោះ។ នាងមានអាយុប្រហែល 23 ឆ្នាំ ហើយបើមើលទៅតាមការបង្ហោះលើ profile របស់នាង គឺជាមនុស្សឯកា និងតានតឹង ហាក់ដូចជាមានបញ្ហាណាមួយដែលមិនអាចប្រាប់គេបាន ដែលនេះធ្វើឱ្យខ្ញុំកាន់តែអាណិតនាងឡើង។ ខ្ញុំក្មេងមែន តែមិនមែនល្ងង់ទេ ថ្វីបើកន្លងមកធ្លាប់ចាញ់បោកពួកខ្ទើយរោគចិត្តតាំងរូបស្រីស្អាតឆាតមកសុំមើលរូបស្រាតខ្ញុំក៏ដោយតែលើកនេះមិនឱ្យនរណាបោកបានទៀតទេ។
ខ្ញុំធ្លាប់ video call ជាមួយនឹងនាងម្ដងដែរ តែពេលនោះឃើញថានាងនៅក្នុងបន្ទប់ជាមួយស្រីដទៃទៀតច្រើននាក់ ទើបការសន្ទនារបស់យើងរងការរំខានយ៉ាងខ្លាំង។ នាងមិនបោកប្រាស់នោះទេ រូបដែលដាក់គឺជារូបពិត សំឡេងពិត តែមានអ្វីម្យ៉ាងអំពីនាងដែលធ្វើឱ្យខ្ញុំងឿងឆ្ងល់។
ម៉ោង 10 យប់ ខ្ញុំរង់ចាំនាងមកដល់តាមការណាត់។ តែនាងយឺតយ៉ាវខ្លាំងណាស់ ហើយកន្លះម៉ោងក្រោយមកក៏លែងតប តេទៅក៏មិនលើក។ ខ្ញុំគិតថានាងប្រហែលជាមិនមកតាមការណាត់ទេ ណាយប់ជ្រៅផង ថ្វីបើជាស្រីលក់ខ្លួនក៏ដោយក៏គួរតែខ្លាចបរិស្ថានពេលរាត្រីបែបនេះខ្លះ។ ខ្ញុំក៏លង់លក់ក្នុងស្បៃរាត្រីដ៏ស្ងប់ស្ងាត់។
សំឡេងគោះទ្វាបានបន្លឺឡើង ធ្វើឱ្យខ្ញុំភ្ញាក់ពីគេង។ ខ្ញុំញញឹមត្រេកអរ ហើយដើរទៅបើកទ្វារ។ តែមិនដូចការរំពឹងប៉ងទុក អ្វីដែលខ្ញុំឃើញនៅនឹងមុខទ្វារផ្ទះខ្ញុំនេះ គឺជាសាកសពមនុស្សប្រុសម្នាក់ ខ្លួនស្រាតននលគោក មានតែខ្លួន គ្មានក្បាល មិនដឹងបាត់ទៅណា។ ឈាមស្រោចជោគជាំសាកសពបុរសអត់ក្បាលនោះ ឯជុំវិញនេះស្ងាត់ឈឹង គ្មាននរណាធ្វើដំណើរឆ្លងកាត់។ ខ្ញុំភ័យតក់ស្លុតហើយមិនដឹងថាត្រូវធ្វើអ្វីជាមួយនឹងសាកសពអត់ក្បាលនេះ ហើយក៏មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគាត់ដែរ។ តែអ្វីដែលសំខាន់គឺថា ខ្ញុំក៏មិនដឹងថានឹងមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំ ឬអត់ក្នុងពេលនេះ។
ភ្លាមនោះសំឡេងសារទូរសព្ទក្នុងដៃខ្ញុំក៏លោតឡើងហើយពេលខ្ញុំលើកមើលគឺឃើញសាររបស់ស្រីលក់ខ្លួនម្នាក់នោះសរសេរថា “ខ្ញុំលក់ខ្លួនមែន ប៉ុន្តែខ្ញុំមិនលក់ក្បាលទេ។ សាកសពអត់ក្បាលនោះឯងស៊ីឱ្យអស់ចុះ ព្រោះឯងស្រេកឃ្លានណាស់មែនទេ?”
រំពេចនោះ, ស្ត្រីម្នាក់នោះស្រាប់តែហក់ចេញពីក្បែរធុងសំរាមជិតនេះដោយក្នុងដៃមានកាន់កាំបិតធំស្រួចប្រលាក់សុទ្ធតែឈាម ឯដៃម្ខាងទៀតកាន់ក្បាលបុរសនោះរួចគប់មកខ្ញុំបណ្ដាលឱ្យខ្ញុំដួល។
ខ្ញុំភ័យ និងស្រែកយ៉ាងខ្លាំង តែនាងហាក់ដូចជាកំពុងតែកំរោលចូលឥតដឹងស្មារតីប្រៀបដូចជាបិសាចស្រេកឃ្លានសាច់មនុស្ស។ នាងហក់មកច្របាច់កខ្ញុំហើយបម្រុងលើកកាំបិតចាក់ក្បាលរបស់ខ្ញុំ តែជាសំណាងល្អ ខ្ញុំបានគ្រវាសដៃនាងមួយទំហឹងទាន់បណ្ដាលឱ្យរបូតកាំបិតពីដៃនាង ហើយខ្ទាតទៅឆ្ងាយ។
ខ្ញុំប្រញាប់ងើបចេញ តែនាងបែរជាផ្ដួលខ្លួន ហើយស្រែកយំយ៉ាងខ្លាំងប្រៀបដូចជាឈឺចាប់រកអ្វីប្រៀបផ្ទឹមមិនបាន។
នាងឱនមុខមិនមើលមកខ្ញុំ ហើយយំរៀបរាប់ខ្លាំងៗថា ជីវិតរបស់នាងប្រៀបដូចជាសំរាម គ្មានអ្នកណាឱ្យតម្លៃ គ្មានអ្នកឃើញតម្លៃខាងក្នុង គ្រប់គ្នាឃើញតែសំបកក្រៅដ៏ស្រស់ត្រកាលរបស់នាង តែនៅពេលដែលនាងរើបម្រាស់ចង់ឱ្យតម្លៃខ្លួននាង គ្រប់គ្នាបែរជាជាន់នាងកាន់តែខ្លាំងទៅវិញ។
ខ្ញុំមិនយល់ថានាងកំពុងនិយាយពីអ្វីទេដែលសំខាន់ខ្ញុំត្រូវរត់ចេញពីទីនេះហើយតម្រង់ទៅប៉ុស្តិ៍ប៉ូលិសដែលនៅជិតនេះបំផុត។ មិនយូរប៉ុន្មាន គេចាប់ខ្លួននាងបានយកមកសួរចម្លើយ តែខ្ញុំក៏នៅទីនេះដើម្បីស្តាប់រឿងរ៉ាវហេតុផលទាំងអស់ ព្រោះអ្វីដែលកើតឡើងគ្រប់យ៉ាងមានហេតុទើបមានផល។
នារីស្រស់ស្អាតម្នាក់នេះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ សព្វថ្ងៃកំពុងរស់នៅអង្គការមួយ ដោយគេព្យាយាមជួយនាងឱ្យក្លាយជាដូចដើមវិញ។ កាលពីនាងអាយុ 13 ឆ្នាំ នាង គឺជាជនរងគ្រោះពីការជួញដូរផ្លូវភេទ ហើយស្ត្រីមេបនម្នាក់បានលក់ដូរនាង ពីអ្នកនេះទៅអ្នកនោះគ្មានលួសមួយថ្ងៃណាសោះ។ ជីវិតរបស់នាងរស់ក្រោមការគ្រប់គ្រងដ៏អប្រិយទុរយសរបស់ស្ត្រីមេបន ហើយប្រសិនបើនាងបដិសេធ ឬជំទាស់ចំពោះបញ្ជារបស់ស្រីនោះ, នាងនឹងត្រូវបក្សពួករបស់ស្ត្រីនោះយកខ្សែភ្លើងមកឆក់ ឬវាយដំច្រំធាក់ហិង្សាដោយព្រៃផ្សៃ។
ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតរបស់នាងប្រៀបដូចជាធ្លាក់នរកទាំងនៅរស់, តែក្រោយមក ដោយមានភ័ព្ទសំណាងល្អ នាងត្រូវបានគេរំដោះពីជីវិតខ្មៅងងឹតបែបនេះ ហើយត្រូវបានគេយកទៅព្យាបាលនៅមណ្ឌលព្យា
បាលផ្លូវចិត្តមួយ។ តែអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត, ពេលផ្លូវចិត្តរបស់នាងកំពុងតែល្អប្រសើរ នាងក៏ចាប់ផ្ដើមលេងបណ្ដាញសង្គមហ្វេសប៊ុកដោយចង់តាមដានសង្គមនឹងគេ។ ដោយសម្រស់ដ៏ស្រស់ត្រកាលរបស់នាងធ្វើឱ្យពួកបុរសល្មោភកាមមួយចំនួន chat មកញ៉ែញ៉ងសាសងស្នេហ៍ និងសុំខ្លួនប្រាណនាងជាញឹកញាប់ ធ្វើឱ្យអារម្មណ៍ខឹង និងស្អប់មនុស្សប្រុសកាន់តែខ្លាំងឡើង ទើបនាងរៀបគម្រោងសម្លាប់បុរសណាដែលចង់គេងជាមួយនាងដោយសម្លឹងឃើញតែរូបសម្រស់ខាងក្រៅរបស់នាង។ នាងបានលួចចេញពីមណ្ឌលអប់រំផ្លូវចិត្តនោះទាំងយប់ដើម្បីមកជួបខ្ញុំ ហើយគ្រោងប្រុងកាត់ក្បាលសម្លាប់ខ្ញុំដោយមានកាំបិតត្រៀមជាស្រេចនៅក្នុងកាបូបរបស់នាង ប៉ុន្តែនៅតាមផ្លូវ មានបុរសស្រវឹងម្នាក់បានឃើញនាង ហើយក៏ប្រុងចាប់រំលោភនាង។ តែនាងក៏បានទាញកាំបិតដែលគ្រោងមកកាត់ក្បាលខ្ញុំនោះទៅកាត់ក្បាលបុរសម្នាក់នោះវិញ រួចហើយអូសសាកសពបុរសនោះ មកដាក់នៅមុខផ្ទះរបស់ខ្ញុំ ហើយក៏គ្រោងនឹងសម្លាប់ខ្ញុំទៀត។
រឿងរ៉ាវរបស់នាងគឺវែងឆ្ងាយ និងរញ៉េរញ៉ៃខ្លាំងណាស់។
ខ្ញុំមិនបានប្ដឹងប្ដល់អ្វីទៅនាងទាំងអស់ ហើយក៏មិនបានទារជំងឺចិត្តអ្វីឡើយ ព្រោះខ្ញុំក៏ជាជនរងគ្រោះ នាងក៏ជាជនរងគ្រោះដែរ ហើយការរងគ្រោះរបស់នាងគឺឈឺចាប់ជាងខ្ញុំឆ្ងាយណាស់។
នេះគឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការបៀតបៀនផ្លូវភេទ និងជួញដូរមនុស្ស។ សូមបញ្ឈប់រាល់ទង្វើខុសច្បាប់ទាំងនេះហើយឱ្យតម្លៃស្ត្រីកាន់តែខ្លាំងឡើង រីឯស្ត្រីក៏ត្រូវឱ្យតម្លៃខ្លួនឯងដែរ។ សូមមើលទៅអ្នកដែលរងគ្រោះដោយការជួញដូរមនុស្ស ឬរំលោភបំពានផ្លូវភេទថាពួកគេគ្រាន់តែជាជនរងគ្រោះ មិនមានកំហុសអ្វីឡើយ។ បុរសត្រូវការពារស្ត្រី ស្ត្រីត្រូវការពារខ្លួនឯង។
មេរៀនជីវិតនៅយប់នោះបានបង្រៀនខ្ញុំឱ្យស្គាល់ពិភពលោកដ៏ស្រស់បំព្រង និងព្រៃផ្សៃមួយនេះ ដែលខ្ញុំគ្មានថ្ងៃនឹងបំភ្លេចឡើយ៕