អាមេរិក ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) មិនណែនាំឱ្យមនុស្សប្រើម៉ាស់ ដែលមានវ៉ាល់ខ្យល់ចេញចូលឡើយ ក្នុងកំឡុងពេលកូវីដ១៩បែបនេះ។ នេះបើយោងតាមការណែនាំស្តីអំពីការពាក់ម៉ាស់ នៅលើវេបសាយនៃមជ្ឈមណ្ឌលនេះ។
វ៉ាល់ខ្យល់ អាចផ្តល់ភាពងាយស្រួលដល់អ្នកពាក់ ព្រោះថា វ៉ាល់អនុញ្ញាតឱ្យខ្យល់រត់ចេញពីម៉ាស់ ហើយអាចធ្វើឱ្យមនុស្សត្រជាក់ស្រួលដកដង្ហើមជាងម៉ាស់ធម្មតា។ ប៉ុន្តែវ៉ាល់ក៏អនុញ្ញាតឱ្យមេរោគគេចចេញពីភ្នាសការពាររបស់ម៉ាសផងដែរ។
CDC លើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាស់ ដូច្នេះពួកគេមិនឆ្លងអ្នកដទៃទេ។ កូវីដ១៩ ឆ្លងរាលដាលយ៉ាងខ្លាំង តាមរយៈដំណក់ដង្ហើមនៅពេលមនុស្សម្នាក់និយាយ កណ្តាស់ ក្អក ឬ ច្រៀង។ ម៉ាស់អាចជួយបញ្ឈប់ដំណក់ទឹកទាំងនោះ។
CDC បានណែនាំប្រឆាំងនឹងការប្រើប្រាស់ម៉ាស់ប្រភេទមានវ៉ាល់ នៅក្នុងកន្លែងថែទាំសុខភាព នៅលើគេហទំព័ររបស់ខ្លួនមុនពេលមានជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា គោលនយោបាយពាក់ម៉ាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បានបង្ហាញថា ម៉ាស់ដែលមានវ៉ាល់ខ្យល់មិនត្រូវបានចាត់ទុកថា ជាម៉ាស់ត្រឹមត្រូវសម្រាប់អ្នកដំណើរតាមយន្តហោះឡើយ នៅពេលជិះលើយន្តហោះរបស់ខ្លួន៕ ដកស្រង់ចេញពីវេបសាយ ៖ cnn ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព