លីបង់ ៖ បណ្តាប្រទេសនានាលើពិភពលោកបានបញ្ជូនជំនួយវេជ្ជសាស្ត្របន្ទាន់ មន្ទីរពេទ្យបណ្តោះអាសន្នតាមមូលដ្ឋាន អ្នកជំនាញជួយសង្គ្រោះ និងសត្វឆ្កែហិតក្លិន ទៅកាន់ប្រទេសលីបង់ កាលពីថ្ងៃពុធ ខណៈដែលពិភពលោកមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការផ្ទុះដ៏ធំមួយនៅទីក្រុងបេរូត នៅក្នុងប្រទេសមួយដែលជិតនឹងការដួលរលំនៃសេដ្ឋកិច្ច។
ការផ្ទុះនេះ បានកើតឡើងនៅកំពង់ផែទីក្រុង ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣៥នាក់ និងអ្នករបួសមានជាង៥.០០០នាក់ ដែលធ្វើឱ្យប្រទេសលីបង់ មានវិបត្តិយ៉ាងធ្ងន់ធ្ងរ។
រដ្ឋ Gulf គឺស្ថិតក្នុងចំណោមប្រទេសដំបូងគេ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះនេះ ដោយប្រទេសកាតា បានបញ្ជូនមន្ទីរពេទ្យចល័ត ដើម្បីបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសលីបង់ ដែលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ១៩។
យន្តហោះកងទ័ពអាកាសកាតាមួយ បានចែកចាយគ្រែ ដែលអាចបត់បានរាប់រយគ្រឿង ម៉ាស៊ីនភ្លើង និងភួយកម្តៅក្នុងក្បួនទីមួយ នៃជើងហោះហើរទៅកាន់បេរូត។
ប្រទេសគុយវ៉ែត ក៏បានបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រផងដែរ ខណៈដែលកាកបាទក្រហមលីបង់ បាននិយាយថា មនុស្សជាង៤០០០នាក់ កំពុងត្រូវបានព្យាបាលសម្រាប់ការរងរបួស។
យន្តហោះដឹកកងទ័ពរបស់ប្រទេសក្រិក C-១៣០ ដែលផ្ទុកអ្នកជួយសង្គ្រោះរាប់សិបនាក់ បានចុះចតនៅឯព្រលានយន្តហោះ Beirut។ ប្រទេសអាល់ហ្សេរី បាននិយាយថា ខ្លួននឹងបញ្ជូនយន្តហោះចំនួន ៤គ្រឿង និងនាវាមួយគ្រឿង ដែលមានជំនួយមនុស្សធម៌ ក្រុមពេទ្យ ក្រុមពន្លត់អគ្គីភ័យ គ្រឿងផ្គត់ផ្គង់ និងសម្ភារៈសំណង់។ នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានអំពាវនាវឱ្យប្រទេសដែលមានមិត្តភាពគាំទ្រដល់ប្រទេសនេះ ពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងប៉ុន្មានទសវត្សរ៍នេះ ក៏ដូចជាការផ្ទុះឡើងនៃមេរោគដែលបានឆ្លងដល់មនុស្សជាង៥,០០០នាក់ និងបានសម្លាប់មនុស្សយ៉ាងច្រើន៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព