ប្រជាពលរដ្ឋជាច្រើននាក់ បានរិះគន់ទៅលើរឿង ស្លៀកពាក់ខ្លីពេកចំពោះស្រ្តី និងបុរសដើរដោះអាវនៅតាមផ្លូវទីសាធារណៈថា ធ្វើឱ្យមានការអប់អោនដល់តម្លៃវប្បធម៌ខ្មែរ ព្រមទាំងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈសង្គមផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រជាពលរដ្ឋ បានគិតទៅដល់មូលហេតុធំៗចម្បងមួយចំនួន ដែលបណ្តាលមកពីការស្លៀកពាក់ខ្លីពេកពីក្រុមស្រ្តី ដែលអាចបង្កើតឱ្យមានអំពើរំលោភសេពសន្ថវៈ ទៅលើស្រ្តី និងក្មេងស្រី ករណីប្រើអំពើហឹង្សាពីបុរស ព្រមទាំងមានការរួមភេទ មុនរៀបការ ដែលបណ្តាលឱ្យមានផ្ទៃពោះ និងការរំលូតកូនចេញនៅកន្លែង ដែលគ្មានសុវត្ថិភាពជាដើម។
បើតាមប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា គាត់គាំទ្រឱ្យចេញច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលឆាប់ៗដើម្បីទប់ស្កាត់ បញ្ហាស្លៀកពាក់ខ្លី ដែលហួសដែនកំណត់។ “អ្នកខ្លះគេស្លៀកខ្លីដែរ លើក្បាលជង្គង់ និងលើជង្គង់តិចតួច ដែលមើលទៅសមរម្យ ប៉ុន្តែអ្នកខ្លះទៀត ស្លៀកខោកឬសំពត់ត្រឹមភ្លៅ ឬក្បែរក្រលៀន ជិតប្រដាប់ភេទតែម្តង ដែលមើលទៅមិនសមភ្នែកសោះ”។
ស្រដៀងគ្នាផងដែរ ពលរដ្ឋម្នាក់ទៀតបានលើកឡើងដែរថា ជានិច្ចកាល ការស្លៀកពាក់ខ្លី គឺច្រើនកើតលើក្មេង ស្រីៗ ដែលរកស៊ីពេលយប់នៅតាមផ្លូវ និងច្រើនបំផុតអ្នកលក់ឡេតាមអនឡាញ គឺសម្បើមដៃតែម្តង។
បើតាមប្រជាពលរដ្ឋម្នាក់ទៀត បានឱ្យដឹងថា អ្នកលក់ឡេខ្លះ ស្លៀកពាក់ស្ទើរចេញចុងដោះ និងចេញផ្សិតរាងរៅ ចាប់ពីក្រោមដើមទ្រូងចុះមកត្រឹមចង្កេះ គឺបញ្ចេញសាច់សខ្ចី។ “ខ្ញុំក៏មានកូនស្រីដែរ ហើយខ្ញុំបានប្រដៅពួកគេ ឱ្យស្លៀកពាក់សមរម្យ គឺមិនឱ្យលេចលើ លេចក្រោមបែបនេះទេ”។
ប្រជាពលរដ្ឋម្នាក់ទៀត បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនថា មូលហេតុដែលនាំឱ្យមានស្រ្តីស្លៀកខ្លីពេក គឺពួកគេ ចង់ទាក់ទាញភ្នែកមនុស្សប្រុស។ “អ្នកលក់ផលិតផលតាមអនឡាញភាគច្រើន ចង់បានLike និងចង់ឱ្យគេមើលច្រើន ដូច្នេះអ្នកលក់ខំបញ្ចេញដើមទ្រូង និងគល់ភ្លៅ”។
ជុំវិញរឿងនេះ ស្រ្តីម្នាក់ទៀតក៏បាននិយាយថា បើស្រ្តីស្លៀកខ្លីវានាំឱ្យប៉ះពាល់ ដល់ករណីរំលោភសេពសន្ថវៈ អំពើហឹង្សា និងមានផ្ទៃពោះមុនរៀបការ និងអាចយកកូនចេញនៅកន្លែងដែលគ្មានសុវត្ថិភាពជាដើម។ “ខ្ញុំធ្លាប់ឃើញបុរសដោះអាវដែរ ប៉ុន្តែគាត់ជាមនុស្សឆ្កួតវិកលចរិក ដូច្នេះបើប្រុសៗដើរ ដោះអាវតាមទីសាធារណៈ គេអាចនឹងច្រឡំថាគាត់ឆ្កួត ហើយអាចខូចសណ្តាប់ធ្នាប់សង្គមផងដែរ”។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ កំពុងផ្ញើសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យកែសម្រួលលើកចុងក្រោយ មុននឹងសម្រេចដាក់ទៅកាន់រដ្ឋសភាជាតិ ដើម្បីអនុម័ត។ សេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ មានចំនួន៨ជំពូក និង៤៨មាត្រា ក្នុងនោះ ក៏បានចែង ពីការពិន័យចំពោះស្រ្តីស្លៀកពាក់ខ្លីពេក នឹងបុរសដើរដោះអាវ នៅតាមទីសាធារណៈ។ សេចក្តីព្រាងច្បាប់នេះ អាចនឹងដាក់ឱ្យអនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយផងដែរ៕ ដោយ៖ ឃួន លក្ខិណា