អ្នកជំនាញបានសង្កេតឃើញថា ប៉ុន្មានខែចុងក្រោយនេះ តំបន់រមណីយដ្ឋានធម្មជាតិ កាន់តែមានភ្ញៀវទេសចរផ្ទៃក្នុង(ភ្ញៀវក្នុងស្រុក) ទៅលេងកម្សាន្តច្រើនជាង ការទៅលេងនៅតំបន់វប្បធម៌។
លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសង្កេតឃើញពីកំណើនភ្ញៀវទេសចរណ៍សព្វថ្ងៃ ដែលចូលចិត្តទៅលេងនៅតំបន់វាលៗ មានទេសភាពស្អាតៗ ដែលជាតំបន់ថ្មីដូចជាតំបន់ភ្នំ និងមានទឹកធ្លាក់ជាដើម។
លោកជំទាវបញ្ជាក់ថា តំបន់រមណីយដ្ឋានធម្មជាតិ នៅខេត្តកំពង់ស្ពឺ និងខាងភូមិភាគឦសាន្តមាន រមណីយដ្ឋានភ្នំខ្នងផ្សារ និងតំបន់មាត់សមុទ្រ មានប្រជាពលរដ្ឋសម្រុកទៅច្រើន ដោយសារមានទេសភាពទាក់ទាញ។ “តាមតំបន់វប្បធម៌៌ អត់សូវមានប្រជាពលរដ្ឋទៅកម្សាន្តទេ”។
បើតាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់ កើនឡើង១៥% បើប្រៀបធៀបនិងខែមិថុនា ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា« សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%»។
បើតាមលោករដ្ឋមន្ត្រី ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង បានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃ ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។
ប៉ុន្តែចំនួនភ្ញៀវ ហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយព័ត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។ ដោយ៖ត្នោត