តោះទៅសៀមរាប! សម្រាកសងថ្ងៃចូលឆ្នាំរដ្ឋបាលខេត្តរៀបចំកម្មវិធីជាច្រើនទទួលអ្នកទេសចរ
ប្រជាពលរដ្ឋកម្ពុជានឹងមានវិស្សមកាលខ្នាតតូចមួយនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខក្រោយរដ្ឋាភិបាលប្រកាសឲ្យឈប់សម្រាកសងកាលពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការសម្រាកនេះមានរយៈពេល៥ថ្ងៃ ប៉ុន្តែបើបូកថ្ងៃសៅរ៍ អាទិត្យ នៅដើមសប្ដាហ៍ និងចុងសប្ដាហ៍ទៀតគឺកើនរហូតដល់៩ថ្ងៃឯណោះ។ ប្រជាពលរដ្ឋមួយចំនួនបានគិតគូររួចហើយពីទីតាំងដែលគ្រោងទៅលេងកម្សាន្ត ប៉ុន្តែបើមិនទាន់មានគម្រោងអាចនាំគ្នាទៅលេងសៀមរាបបាន។
ខេត្តសៀមរាបនឹងរៀបចំកម្មវិធីកម្សាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ រៀបចំដោយរដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។
កម្មវិធីកម្សាន្តដែលគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្ដីសុខ, ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុក, ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, ៤.ផ្សារទឹក, ៥.ផាប់ស្ទ្រីត, ៦.កម្មវិធីជិះកង់, ៧.កម្មវិធីកីឡាវាយកូនហ្គោល, ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន, ៩.ផ្ទាំងទស្សនីយភាពសិល្បៈ។
ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖ ១. កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រមា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕