មនុស្សដែលជោគជ័យជុំវិញពិភពលោកយល់ដឹងថាជីវិតមិនត្រឹមតែទាក់ទិននឹងការទទួលទានអាហារ ចូលដំណេក និងធ្វើការទេ ពួកគេដឹងថាពួកគេត្រូវតែធ្វើអ្វីដែលពួកគេចូលចិត្តដែរ។ ប៉ុន្តែអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជោគជ័យមិនមែនចេះតែធ្វើសកម្មភាពអ្វីមួយព្រោះខ្លួនអផ្សុកទេ។ ផ្ទុយមកវិញ ពួកគេជ្រើសយកនូវសកម្មភាពដែលជួយដល់ជំនាញ ឬសមត្ថភាពខួរក្បាលរបស់ពួកគេជាដើម។ ខាងក្រោមគឺជាសកម្មភាពដែលមហាសេដ្ឋីធំៗជុំវិញពិភពលោកធ្វើនៅពេលទំនេរ៖
១. លោកមហាសេដ្ឋីចាក ដរស៊ី (Jack Dorsey) ចូលចិត្តដើរឡើងភ្នំ
មហាសេដ្ឋី និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង Square រូបនេះធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយថាលោកចូលចិត្តរកវិធីបង្រួមស្មារតីដើម្បីសម្រេចនូវកិច្ចការសំខាន់ៗដែលមានក្នុងដៃ។ ជាមួយគ្នានេះដែរ លោកតែងតែទុកថ្ងៃសៅរ៍សម្រាប់ការឡើងភ្នំ។
២. លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) លេងហ្គឺតា Ukulele
យោងទៅតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា នាយកប្រតិបត្តិរបស់ Berkshire Hathaway ម្នាក់នេះចូលចិត្តលេងហ្គីតាតូចរបស់លោកអស់រយៈពេលជាច្រើនឆ្នំឫមកហើយ។ លោកភាគច្រើនប្រើទេពកោសល្យរបស់លោកសម្រាប់រឿងសប្បុរសធម៌ដូចជាការបរិច្ចាគឧបករណ៍តន្ត្រី និងបង្រៀនក្មេងៗរៀនឧបករណ៍តន្ត្រីជាដើម។
៣. អ្នកស្រី អេញជេលីណា ចូលី (Angelina Jolie) ចូលចិត្តប្រមូលអាវុធ
អ្នកស្រីធ្លាប់បាននិយាយប្រាប់ Business Insider ថាអ្នកស្រីមានចំណូលចិត្តលើកាំបិត ដូច្នេះអ្នកស្រីចូលចិត្តប្រមូលវាទុក។ អ្នកស្រីធ្លាប់បានចែករំលែកថា ម្តាយរបស់អ្នកស្រីបានបង្ហាញកូនកាំបិតចំបាំងដល់អ្នកស្រីតាំងពីនៅវ័យក្មេង ហើយអ្នកស្រីបានជះឥទ្ធិពលនេះដល់កូនប្រុសរបស់អ្នកស្រីផងដែរ។
៤. អ្នកស្រីអូផ្រា វីនហ្វ្រី (Oprah Winfrey) ចូលចិត្តអាន
មហាសេដ្ឋី និងតារាដ៏ល្បីល្បាញប្រចាំសហរដ្ឋអាមេរិករូបនេះចូលចិត្តអានពេលដែលអ្នកស្រីទំនេរពីការងារ។ អ្នកស្រីធ្លាប់បានបកស្រាយថា ការអានប្រៀបដូចជានាំអ្នកស្រីទកាន់ពិភពលោកថ្មីមួយទៀត។
៥. អ្នកស្រី មីស្សែល អូបាម៉ា (Michelle Obama) ចូលចិត្តការរត់
ភរិយារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះធ្លាប់បានចែករំលែកថា អ្វីដែលអ្នកស្រីចូលចិត្តធ្វើពេលទំនេរគឺការធ្វើលំហាត់ប្រាណ។ អ្នកស្រីថែមទាំងធ្លាប់ក្រោកពីដំណេកតាំងពីម៉ោង ៤កន្លះព្រឹកដើម្បីរត់លើម៉ាស៊ីនថែមទៀត ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព