ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា ម្នាលភិក្ខុទាំងឡាយ ចេតនាហ្នឹងហើយដែលតថាគតហៅថាជាតួបុណ្យ ។ ចេតនាគឺសន្តានចិត្តឯណាដែលជ្រះថ្លា រីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗ សន្តានចិត្តនោះឯងឈ្មោះថា ចេតនា ។
ចេតនាដែលជាដើមហេតុនាំឱ្យសម្រេចបុណ្យកុសលដោយល្អមានបីយ៉ាងគឺ ១- បានដល់ចេតនាមុនដំបូងដោយការតាំងចិត្តត្រៀម រៀបចំទុកជាមុន គឺញុំាងចិត្តឱ្យជ្រះថ្លាមុនពិធីបុណ្យចូលមកដល់ ២- ចេតនាកំពុងធ្វើ បានដល់រាល់សកម្មភាពដែលកំពុងប្រព្រឹត្តទៅក្នុងពិធីបុណ្យ គឺចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា រីករាយប្រពៃពេក និង៣- ចេតនាក្រោយពេលធ្វើរួចហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ពេលធ្វើបុណ្យរួចរាល់ហើយ ក៏រឹងរឹតញុំាងចិត្តឱ្យជ្រះថ្លា រីករាយ ពេញចិត្តនឹងសេចក្តីល្អនោះ គឺមិនមានការក្តៅក្រហាយ ស្តាយក្រោយបន្តិចណាឡើយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏នៅតែជ្រះថ្លាដដែល ។
ឧបាសក ឧបាសិកា ទាយក ទាយិកាអ្នកពេញចិត្តនឹងបុណ្យកុសលគួរញុំាងចិត្តឱ្យដល់ព្រមដោយចេតនាទាំងបីនេះ គង់នឹងបានជាប្រយោជន៍ច្រើនសម្រាប់ដំណើរជីវិតនៅក្នុងវាលវដ្តសង្សារ ។ដោយ៖កោះសន្តិភាព