អាមេរិក ៖ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងឈានមុខគេនៅអាមេរិក បានលើកឡើងកាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រថា ពិភពលោកនឹងមិនអាចលុបបំបាត់ជំងឺកូវីដ១៩ នេះបានទេ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា វ៉ាក់សាំងអាចជួយឱ្យមានការគ្រប់គ្រងលើការឆ្លងរាលដាលនៃកូវីដ១៩បាន។ លោកវេជ្ជបណ្ឌិត Fauci បាននិយាយនៅក្នុងបទសម្ភាសន៍នោះថា៖ «ខ្ញុំមិនគិតថា យើងនឹងលុបបំបាត់វាចេញពីភពផែនដីនោះទេ ពីព្រោះវាជាវីរុសឆ្លងខ្លាំង ដែលធ្វើឱ្យការលុបបំបាត់មើលទៅដូចជាមិនទំនង។ ប៉ុន្តែអ្វីដែលខ្ញុំគិតថា យើងអាចធ្វើបាន គឺជាមួយនឹងការបញ្ចូលគ្នា នៃការផលិតវ៉ាក់សាំងល្អនិងការយកចិត្តទុកដាក់ចំពោះវិធានការសុខភាពសាធារណៈ។ ដោយការយកចិត្តទុកដាក់ ខ្ញុំមិនមានន័យថាការចាក់សោរនោះទេ តែវាជាការយកចិត្តទុកដាក់ប្រយ័ត្នប្រយែង»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Fauci បានព្យាករណ៍ថា បន្ទាប់ពីឆ្នាំក្រោយ វីរុសនេះគួរតែគ្រប់គ្រងបាន។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹម និងមានអារម្មណ៍ថា អាចធ្វើទៅបាន នៅពេលដែលយើងឈានដល់ឆ្នាំ២០២១ ហើយដើរទៅរកវដ្តមួយទៀត ដែលយើងនឹងអាចគ្រប់គ្រងបាន»៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព