លោក Thomas Tuchel គ្រូបង្វឹកក្លិប Paris Saint-Germain កំពុងមានការព្រួយបារម្ភចំពោះខ្សែបម្រើ Marco Verratti បន្ទាប់ពីមានបញ្ហារបួស។
Verratti មិនមានឈ្មោះលេងការប្រកួតមិត្តភាពរបស់ក្លិប PSG ជាមួយ Sochaux កាលពីថ្ងៃពុធសប្តាហ៍នេះទេ បន្ទាប់ពីរងរបួសកំភួនជើងក្នុងអំឡុងពេលហ្វឹកហាត់ ហើយធ្វើឱ្យលោក Tuchel ដែលជាគ្រូបង្វឹកកំពុងមានការព្រួយបារម្ភខ្លាចរូបគេអវត្តមានប្រកួតសំខាន់ជាមួយ Atalanta ក្នុងកម្មវិធី Champions League នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។
គ្រូបង្វឹករូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះគាត់កំពុងមានបញ្ហារបួស ហើយវាជារបួសដ៏ធំមួយ។ ខ្ញុំមិនដឹងច្បាស់ពីការធ្វើរោគវិនិច្ឆ័យនៅថ្ងៃនេះទេ ខ្ញុំត្រូវតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ប៉ុន្តែយើងមានការព្រួយបារម្ភខ្លាំងណាស់»។
គួរបញ្ជាក់ផងដែរថា PSG នឹងត្រូវប៉ះ Atletico Madrid ឬ RB Leipzig ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនបើពួកគេអាចឆ្លងផុត Atalanta៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore