ពេលដែលពិធីអាពាហ៍ពិពាហ៍ និងក្រេបទឹកឃ្មុំត្រូវបានកន្លងផុតហើយ គូស្វាមីភរិយាថ្មីថ្មោងត្រូវងាកមករកតថភាពជាក់ស្តែងវិញដែលរួមមានទាំងសុភមង្គល និងទុក្ខ ។ បញ្ហាសំខាន់ដែលស្វាមីភរិយាថ្មីទូទៅជួបប្រទះគឺបញ្ហាហិរញ្ញវត្ថុដែលអាចបង្កជាបញ្ហាប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍ថ្មីផងដែរ ។
វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេនៅពេលដែលមនុស្សពីរនាក់ប្តូរមករស់នៅក្នុងផ្ទះតែមួយ និងចែករំលែកស្ថានការហិរញ្ញវត្ថុតែមួយ ប៉ុន្តែបញ្ហាលុយជាច្រើនអាចត្រូវបានជៀសវាងប្រសិនបើអ្នកសួរសំណួរមួយចំនួនឲ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តចងចំណងអាពាហ៍ពិពាហ៍ ។
១. តើអ្នកមានទម្លាប់គ្រប់គ្រងលុយយ៉ាងដូចម្តេច?
មនុស្សម្នាក់ៗត្រូវបានបង្រៀនឲ្យចេះគ្រប់គ្រងលុយខុសៗគ្នា ។ ទម្លាប់គ្រប់គ្រងលុយរបស់មនុស្សម្នាក់ៗពឹងផ្អែកលើកត្តាជាច្រើនដូចជាជីវភាពគ្រួសារជាដើម ។ ដូច្នេះមុនពេលសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ អ្នកគួរតែពិភាក្សាគ្នាពីទម្លាប់ទាំងនេះជាមួយគ្នាសិន ។ អ្នកមិនចាំបាច់មានទម្លាប់ដូចគ្នាទើបអាចរស់នៅជាមួយគ្នាបានទេ តែអ្នកត្រូវតែយល់ និងទទួលយកទម្លាប់គ្នាទៅវិញទៅមក ។
២. តើអ្នកមានចំណូល និងកម្ចីប៉ុនណា?
បំណុលជាឧបសគ្គសំខាន់ដែលធ្វើឲ្យគូស្វាមីជួបការលំបាកក្នុងការសម្រេចនូវគោលដៅសំខាន់ៗ ដូចជាការទិញអចលនទ្រព្យ ឬការសម្រេចចិត្តមានកូនជាដើម ។ ដូច្នេះអ្នកត្រូវតែស្មោះត្រង់នឹងគ្នាដើម្បីអាចរកវិធីសហកាដើម្បីទូទាត់នូវបំណុលទាំងនោះ ។
៣. តើអ្នកមានគោលដៅអ្វីខ្លះ?
មនុស្សម្នាក់ៗត្រូវតែលមានគោលដៅដើម្បីជួយបង្កើនភាពច្បាស់លាស់ក្នុងជីវិត ។ ជាក់ស្តែងគោលដៅផ្នែកលុយក៏មានសារៈសំខាន់ដែរ ។ ប្រសិនបើអ្នកមានគោលដៅខុសគ្នា អ្នកគួរតែរកវិធីដើម្បីអនុញ្ញាតឲ្យអ្នកដើរទៅទិសដៅស្របគ្នា ។
៤. តើពួកយើងនឹងរួមបញ្ចូលលុយយ៉ាងដូចម្តេច?
វាជាប្រធានបទសំខាន់មួយដែលអ្នកមិនត្រូវមើលរំលងដោយដាច់ខាត ។ តើអ្នកនឹងបង្កើតគណនីរួមនិងដាក់លុយដែលអ្នកទាំងពីររកបានក្នុងគណនីនោះ ឬបែងចែកគណនីរៀងៗខ្លួន? ចុះទ្រព្យសម្បត្តិរូបិយដទៃទៀតតើអ្នកនឹងបែងចែកវាយ៉ាងដូចម្តេច?
៥. តើអ្នកមានទម្លាប់គ្រប់គ្រងលុយមិនល្អយ៉ាងដូចម្តេច?
ការមិនមានសមត្ថភាពក្នុងការគ្រប់គ្រងលុយ ការមិនសន្សំលុយបានគ្រប់គ្រាន់ និងការចាយវាយខ្ជះខ្ជាយអាចប៉ះពាល់ដល់ហិរញ្ញវត្ថុក្នុងគ្រួសារបាន ។ ដូច្នេះការយល់ដឹងពីទម្លាប់ទាំងល្អ ទាំងមិនល្អផ្នែកលុយរបស់ដៃគូរបស់អ្នកមានសារៈសំខាន់ណាស់ដើម្បីឲ្យអ្នកអាចសហការគ្នាដើម្បីជួយដៃគូឲ្យកែទម្លាប់ទាំងនោះ និងជៀសវាងការយល់ច្រឡំនៅថ្ងៃអនាគតផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព